(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកញ្ជ្រៀច និងស្រុកស្វាយអន្ទរ បានចាត់លោក ប៉ុល រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំចុងអំពិល ស្រុកកញ្ជ្រៀច ចុះជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុកកញ្ជៀច និងបានអញ្ជើញប្រគល់ម៉ាស៊ីនអេកូ បំពាក់ដោយសម្ភារៈបរិក្ខាទំនើប ជូនដល់មន្ទីរពេទ្យបង្អែកស្រុកកញ្ជ្រៀច សម្រាប់ពិនិត្យ និងព្យាបាលជូនបងប្អូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោក ប៉ុល រតនា ក្នុងនាមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ក៏ដូចជាក្រុមគ្រូពេទ្យទាំងអស់ នៃមន្ទីរពេទ្យបង្អែកស្រុកកញ្ជ្រៀច ដែលបានខិតខំប្រឹងប្រែងព្យាបាលអ្នកជម្ងឺជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោកបន្តថា បន្ទាប់ពីទទួលបានម៉ាស៊ីនអេកូនេះហើយ សូមក្រុមគ្រូពេទ្យដែលទទួលលើការងារជំនាញនេះ សូមជួយថែរក្សា ក៏ដូចជាការប្រើប្រាស់ទៅតាមលក្ខណៈបច្ចេកទេស ដើម្បីធានាការប្រើប្រាស់បានយូរ។

បន្ទាប់មក លោក ប៉ុល រតនា ក៏បានឆ្លៀតឱកាសចុះសួរសុខទុក្ខ និងនាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជូនចំពោះប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ និងសូមជូនពរប្រជាពលរដ្ឋឆាប់បានជាសះស្បើយពីជំងឺផងដែរ៕