(ភ្នំពេញ)៖ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ ដឹកនាំមន្រ្ដីក្រោមឱវាទ និងមន្ដ្រីជំនាញ ចុះទៅដោះស្រាយ និងពន្យល់បញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋ២៤៥គ្រួសារ ដែលធ្លាប់បានចោទប្រកាន់ទៅលើអាជ្ញាធរ នៅក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ហើយបានអូសបន្លាយជាយូរឆ្នាំមកហើយ រហូតឈានដល់បានប្ដឹងគ្នាទៀតផង។
លោក ឃ្លាំង ហួត ស្ថិតនៅពីមុខប្រជាពលរដ្ឋជាច្រើននាក់ នៅសង្កាត់កោះដាច់ បានថ្លែងថា «បញ្ហាទំនាស់ដីធ្លីនេះ វាកើតឡើងរយៈពេលច្រើនឆ្នាំ ណាស់មកហើយ តាំងពីកោះដាច់ មិនទាន់កាត់ចូលរាជធានីភ្នំពេញមកម្ល៉េះ ហើយសុំឲ្យប្រជាពលរដ្ឋកុំឲ្យមានការចោទប្រកាន់ទៅលើអាជ្ញាធរទៀតអី»។
ដោយបង្ហាញនូវជំហរដ៏រឹងមំា លោកអភិបាល បានព្រមានយ៉ាងខ្លាំងៗ ទៅលើឈ្មួញទាំងឡាយណា ជាអ្នករកស៊ីគកជេរដី ដែលបានលូកដៃចូលក្នុងរឿងនេះ ហើយលោកបញ្ជាឲ្យដកខ្លួនចេញជាបន្ទាន់ កុំមកញ៉ុះញង់ឲ្យប្រជាពលរដ្ឋឈ្លោះប្រកែករឿងនេះទៀត។ ជាចុងក្រោយលោកបានណែនាំ ឲ្យមន្ដ្រីក្រោមឱវាទ ជាពិសេសជំនាញមន្ដ្រីភូមិបាល បញ្ឈប់រាល់ការទិញ-លក់ ពោលត្រូវរង់ចាំធ្វើការដោះស្រាយចប់សព្វគ្រប់សិន។
នៅក្នុងឱកាសនោះផងដែរ ប្រជាពលរដ្ឋដែលបានចូលរួម បានឡើងបញ្ចេញមតិ និងយោបល់ម្នាក់ៗម្តង ចំពោះអ្វីដែលបានកើតឡើង នាពេលកន្លងទៅជូនអភិបាលខណ្ឌ ឲ្យបានដឹងបន្ថែមក្នុងគោលបំណងទទួលបានជាព័ត៌មានមូលដ្ឋានគ្រឹះ សម្រាប់រាយការណ៍ជូនថ្នាក់ដឹកនាំ។
លោក ឃ្លាំង ហួត បានបញ្ជាក់ថា សម្រាប់ជម្លោះដីធ្លី ដែលកើតមានឡើងទៅលើប្រជាពលរដ្ឋតាមមូលដ្ឋាននោះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិត្រូវចុះស្វែងយល់ និងដោះស្រាយជាបន្ទាន់ មិនត្រូវឲ្យទុកក្លាយជាជម្ងឺមហារីកនោះទេ៕