(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ លោកបណ្ឌិត ឡេង ប៊ុនតេង ប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ បានបន្តជួបសំណេះសំណាល សួរសុខទុក្ខជាមួយអ្នកសង្កេតការណ៍ ជាសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា និងពន្យល់អំពីការគូសសន្លឹកឆ្នោត ដេីម្បីទៅបង្រៀនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ ដែលជាសមាជិកបក្ស នៅក្នុងមូលដ្ឋាន សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
ក្នុងឱកាសនោះ លោកបានប្រាប់ដល់សមកម្មជន សង្កេតការណ៍ថា វាជារឿងដ៏ត្រឹមត្រូវបំផុត ដែលសមាជិក សមាជិកា បានចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នាពេលនេះពីព្រោះថា មិនមានគណបក្សនយោបាយណាមួយ ដែលមានគោលនយោបាយច្បាស់លាស់ ក្នុងការដឹកនាំប្រទេសជាតិ ដូចគណបក្សប្រជាជនកម្ពុជាឡើយ ពោលគឺពួកគេធ្វើនយោបាយ ដើម្បីផលប្រយោជន៍បក្ខពួក ក្រុមគ្រួសារ និងបម្រើបរទេសតែប៉ុណ្ណោះ ដោយមិនបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋឡើយ។
ផ្ទុយទៅវិញ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺតែងតែនៅរួមសុខរួមទុក្ខជាមួយសមាជិកគ្រប់ពេលវេលា ដោយបានដោះស្រាយទុក្ខលំបាកផ្សេងៗ ជូនពួកគេជានិច្ច។
លោកបានបញ្ជាក់ទៀតថា «កម្ពុជាមានអ្វីៗដូចសព្វថ្ងៃនេះ គឺមិនមែនជារឿងចៃដន្យទេ តែវាជាជោគវាសនាដ៏ល្អ ដែលប្រទេសកម្ពុជាមានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ដោយសម្ដេចមិនដែលធ្វើឲ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមានការខកចិត្តម្ដងណាឡើយ»។
លោក ឡេង ប៊ុនតេង បានអំពាវនាវដល់សមាជិកគណបក្សប្រជាជនកម្ពុជាគ្រប់រូប ត្រូវទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ហើយគណបក្សប្រជាជននៅសង្កាត់ជ្រោយចង្វារ មានរូបសញ្ញាទេវតាបាចផ្កា។
បន្ទាប់មក លោកប្រធានបានបន្តចុះពិនិត្យមើលការដាក់អំពូលភ្លើងបំភ្លឺផ្លូវ ព្រមទាំងរិះរកវិធី រំដោះទឹកលិច ដែលបណ្តាលមកពីជំនន់ទឹកភ្លៀង ស្ថិតនៅភូមិ០២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕