(តាកែវ)៖ មន្រ្តីនគរបាលនៅការរិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវម្នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍បើកបរម៉ូតូ ជ្រុលចង្កូតទៅបុកនឹងដើមប្រេងខ្យល់ធ្លាក់ចូលប្រឡាយទឹក កើតឡើងនៅយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១២យប់ ត្រង់ចំណុចផ្លូវខេត្តលេខ១២៩ ភូមិស្វាយអំពារ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។

បើយោងតាមមន្រ្តីនគបាលស្រុកទ្រាំង បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទី រតនា អាយុ៣៨ឆ្នាំ ជាមន្រ្តីនគរបាល នៃស្នងការខេត្តតាកែវ មានតួនាទីជាប្រធានផ្នែកការិយាល័យសេដ្ឋកិច្ច មានទីលំនៅនៅភូមិឃុំ ខាងលើ ត្រូវបានប្រទះឃើញស្លាប់ក្នុងប្រឡាយទឹក មានចម្ងាយប្រមាណ១០០ម៉ែត្រ ពីផ្ទះនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ជាមួយនិងម៉ូតូម៉ាកវីសសិន ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1A-1962។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះបើកបរម៉ូតូក្នុងល្បឿនលឿន មកពីទិសខាងលិចទៅកើតពេលមកដល់ចំណុចកើតហេតុជិតដល់ផ្ទះ ស្រាប់តែបានរេចង្កូតទៅបុកដើមប្រេងខ្យល់ចិញ្ចើមផ្លូវ ពីខាងត្បូងធ្លាក់ចូលក្នុងប្រឡាយទឹកបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

បច្ចុប្បន្នក្រោយកម្លាំងជំនាញចុះពិនិត្យរួចរាល់ សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕