(កំពង់ធំ)៖ លោក ខេន ឈុនគ័រ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំបានថ្លែងថា «យើងត្រូវរួមកម្លាំងទៅបោះឆ្នោតជូនគណបក្សប្រជាជនទាំងអស់គ្នា នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នាពេលខាងមុខ»

លោកបានថ្លែងបែបនេះ ក្នុងពេលឃោសនារកសំឡេងឆ្នោតនៅឃុំទីពោ ស្រុកសន្ទុក នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។

លោកបានលើកឡើងថា វាជារឿងដ៏ត្រឹមត្រូវបំផុតដែលសមាជិក សមាជិកាបានចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នាពេលនេះពីព្រោះថា មិនមានគណបក្សនយោបាយណាមួយ ដែលមានគោលនយោបាយច្បាស់លាស់ ក្នុងការដឹកនាំប្រទេសជាតិដូចគណបក្សប្រជាជនកម្ពុជាឡើយ ពោលគឺពួកគេធ្វើនយោបាយដើម្បីផលប្រយោជន៍បក្ខពួក ក្រុមគ្រួសារ និងបម្រើបរទេសតែប៉ុណ្ណោះ ដោយមិនបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋឡើយ។ ផ្ទុយទៅវិញ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគឺតែងតែនៅរួមសុខរួមទុក្ខជាមួយសមាជិកគ្រប់ពេលវេលា ដោយបានដោះស្រាយទុក្ខលំបាកផ្សេងៗជូនពួកគេជានិច្ច។

លោកបានបញ្ជាក់ទៀតថា «កម្ពុជាមានអ្វីៗដូចសព្វថ្ងៃនេះគឺមិនមែនជារឿងចៃដន្យទេ តែវាជាជោគវាសនាដ៏ល្អដែលប្រទេសកម្ពុជាមានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ដោយសម្ដេចមិនដែលធ្វើឲ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមានការខកចិត្តម្ដងណាឡើយ»

លោក ខេន ឈុនគ័រ បានអំពាវនាវដល់សមាជិកគណបក្សប្រជាជនកម្ពុជាគ្រប់រូបត្រូវទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ហើយគណបក្សប្រជាជននៅ
ឃុំទីពោមានលំដាប់លេខរៀងទី៣៕