(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២២ នេះ បានចូលរួមសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សប្រជាជន សង្កាត់កំពង់ចាមប្រមាណ៥០០នាក់។
ក្នុងឱកាសសំណេះសំណាលនោះ លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា នៅសល់តែរយៈពេល ៥ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងចូលមកដល់ ដូច្នេះសូមសមាជិកសមាជិកាទាំងអស់ ត្រៀមឯកសារពាក់ព័ន្ធ ដើម្បីទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា កត្តាដែលនាំមកនូវការរីកចម្រើន គឺជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរដ្ឋាភិបាល បានដាក់ចេញនូវការលើកកម្ពស់ លើគ្រប់វិស័យទាំងអស់ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើឱ្យទទួលបានជោគជ័យ។ ដូច្នេះការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការនាំមកនូវការអភិវឌ្ឍន៍បន្តទៀត ពោលគឺលើសពីសមិទ្ធផលដែលប្រជាពលរដ្ឋទទួលបានដូចសព្វថ្ងៃនេះ។
លោក អ៊ុន ចាន់ដា ក៏បានលើកឡើងអំពីសមិទ្ធផលធំៗ ដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានរហូតមកដល់ពេលនេះ ក្រោមការ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
លោកប្រធានគណបក្សខេត្ត បានយកឱកាសនោះ ថ្លែងអំណរគុណដល់សមាជិក សមាជិកាគ្រប់រូប ដែលបានជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា និងបានគាំទ្រ ក៏ដូចជាបានអញ្ជើញទៅចូលរួមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជារហូតមក៕