(កណ្តាល)៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ លោក នុត ពុធដារ៉ា ប្រធានក្រុមការងារចុះជួយសង្កាត់កោះអន្លង់ចិន បានដឹកនាំក្រុមការងារចុះជួយភូមិ បេក្ខជនក្រុមប្រឹក្សាសង្កាត់ សាខាបក្សភូមិ ចុះផ្សព្វផ្សាយគោលនយោបាយ គណបក្ស បិទស្ទីកគ័រ ចែកខិត្តបណ្ណ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្នុងសង្កាត់កោះអន្លង់ចិន។
ក្នុងឱកាសដឹកនាំក្បួននោះ លោក នុត ពុធដារ៉ា អំពាវនាវដល់ប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់គ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍកសាងសមិទ្ធិផលនានា បន្ថែមទៅលើសមិទ្ធិផលជាច្រើនរាប់មិនអស់ របស់គណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានោះ លោកប្រធានក្រុមការងារក៏បានរំលឹកនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជាក្នុងការជួយសង្រ្គោះប្រជាជនចេញពីរបបកាប់សម្លាប់ដែលដឹកនាំដោយបនប្រល័យពូជសាសន៍ ប៉ុល ពត ។
«ការដឹកនាំប្រកបដោយភាពឆ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាំងពីបាតដៃទទេ រហូតមកដល់មានការអភិវឌ្ឍគ្រប់ទីកន្លែង ទូទាំងប្រទេស និងមានមុខមាត់កិត្តិស័ព្ទស្មើមុខ ស្មើមាត់ជាមួយប្រទេសផ្សេងៗលើពិភពលោក»។ នេះជាការលើកបង្ហាញនូវគុណសម្បត្តិសម្តេចតេជោពីសំណាក់លោក នុត ពុធដារ៉ា។
បន្ថែមពីលើនោះ លោកលើកឡើងពីការស្វែងរកវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ ដើម្បីបង្ការទប់ស្កាត់រាលដាល នៃជំងឺដ៏កាចសាហាវ ដែលបានធ្វើឲ្យប៉ះពាល់ដល់ប្រទេសកម្ពុជា និងពិភពលោកទាំងមូល ។
លោកប្រធានក្រុមការងារបន្តថា បោះឆ្នោតជួនគណបក្សប្រជាជននឹងបន្ត សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម កែប្រែស្ថានភាព កម្ពុជាពីប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតក្នុងពិភពលោក មកជាប្រទេសមានចំណូលមធ្យម កម្រិតទាប គឺជាសមិទ្ធផលដែលបានមកពីការអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយកែ ទម្រង់រដ្ឋដ៏ស៊ីជម្រៅ និងទូលំទូលាយលើមូលដ្ឋាននៃការពង្រឹងអភិបាលកិច្ចល្អនៅគ្រប់ថ្នាក់ និងគ្រប់ផ្នែក៕