(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តខិតខំបន្ថែមទៀត ដើម្បីជំរុញការកសាងសហគមន៍អាស៊ាន ឲ្យកាន់តែប្រសើរឡើង។
ការប្តេជ្ញានេះធ្វើឡើងដោយ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងសិក្ខាសាលាស្តីពី «ការរួមចំណែករបស់កម្ពុជា នៅក្នុងអាស៊ានចាប់តាំងពីការចូលជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩» នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។
ប្រមុខការទូតកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ខណៈដែលអាស៊ានប្រារព្ធខួបលើកទី៥៥ កម្ពុជាមានការលើកទឹកចិត្ត និងបំផុសគំនិតឲ្យខិតខំបន្ថែមទៀត ដើម្បីជំរុញការកសាងសហគមន៍អាស៊ាន។ ក្រោមមូលបទអាស៊ានដោះស្រាយបញ្ហាប្រឈមរួមគ្នា (ASEAN A.C.T) យើងមានទស្សនៈថា បរិបទក្នុងតំបន់ និងអន្តរជាតិបច្ចុប្បន្ន ចាំបាច់ត្រូវតែពង្រឹងការប្តេជ្ញាចិត្តរួមគ្នារបស់យើង ចំពោះភាពជាកណ្តាលឯកភាព និងសាមគ្គីភាពរបស់អាស៊ាន»។
លោកបន្តថា វាមានសារៈសម្រាប់អាស៊ាន ក្នុងការពង្រឹងស្មារតីរួមគ្នារបស់ខ្លួន ប្រសិនបើយើងដោះស្រាយបញ្ហាប្រឈមសំខាន់ៗរបស់យើងប្រកបដោយប្រសិទ្ធភាព ដើម្បីធានាសន្តិភាពសន្តិសុខនិងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់និងពិភពលោក។
បើតាមលោក ប្រាក់ សុខុន កម្ពុជាបានក្លាយជាសមាជិកទី១០ និងចុងក្រោយគេបង្អស់ ដែលបានចូលជាសមាជិកគ្រួសារអាស៊ាន នៅឆ្នាំ១៩៩៩ ដែលជាការកត់សម្គាល់នូវសមិទ្ធផលគោលនយោបាយការបរទេសដ៏វិសេសវិសាលមួយរបស់ខ្លួន ទាក់ទងនឹងសមាហរណកម្មតំបន់និងពហុភាគីនិយម។
លោកបានបន្តទៀតថា ចាប់តាំងពីពេលនោះមកឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តរបស់កម្ពុជា ឆ្ពោះទៅរកការកសាងសហគមន៍អាស៊ាន កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា បានជាប់លាប់ និងឥតឈប់ឈរ៕