(កំពង់ធំ)៖ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋនៅភូមិស្លាករ បានប្តេជ្ញាចិត្ត ទៅបោះឆ្នោតគាំទ្របេក្ខជនក្រុមប្រឹក្សាឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីឱ្យទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះ។

ជាក់ស្តែងនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញ ត្រូវនឹងថ្ងៃទី១០ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់, លោក សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារចុះជួយស្រុកស្ទោង និងជាប្រធានក្រុមការងាររបស់គណបក្សចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង បានបន្តអញ្ជើញទៅជួបម្ចាស់ឆ្នោត ដែលជាសមាជិកគណបក្ស និងប្រជាពលរដ្ឋនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ដើម្បីអញ្ជើញគាត់ទៅបោះឆ្នោតគាំទ្រជូនបេក្ខជនក្រុមប្រឹក្សាឃុំរបស់គណបក្សប្រជាជនកម្ពុជា។

បើតាមលោក ទិញ វឿន តំណាងឱ្យបេក្ខជនក្រុមប្រឹក្សាឃុំ របស់គណបក្សប្រជាជនកម្ពុជា អាណត្តិទី៥ នៅឃុំបន្ទាយស្ទោង បានបង្ហាញជូនអំពីកម្មវិធីអភិវឌ្ឍន៍ឃុំ សង្កាត់ របស់គណបក្សប្រជាជនកម្ពុជា និងផែនការអភិវឌ្ឍន៍ឃុំបន្ទាយស្ទោង អាណត្តិទី៥ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ និងបានប្ដេជ្ញាចិត្តបម្រើប្រជាជននៅក្នុងមូលដ្ឋានទូទាំងឃុំបន្ទាយស្ទោង ដោយស្មោះត្រង់ និងដោយគិតផល ប្រយោជន៍ប្រជាជនជាធំ។

លោក សោម ស៊ុន ក៏បានផ្សព្វផ្សាយសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលជាប្រវត្តិសាស្រ្តធំៗនានា ដែលគណបក្សប្រជាជនកម្ពុជា សម្រេចបានជូនជាតិ និងប្រជាជនពិសេសថ្មីៗនេះក្នុងបរិបទកូវីដ១៩ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បានជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា ឱ្យរួចផុតពីជ្រោះមរណៈ ដោយសារជំងឺដ៏កាចសាហាវនេះ។

បន្ថែមពីនេះ លោកបានសំណូមពរដល់សមាជិកបក្ស និងប្រជាពលរដ្ឋទាំងអស់ សូមកុំជឿ កំចាញ់ការឃោសនាបោកបញ្ឆោតរបស់គណបក្សមួយចំនួនដែលកំពុងដើរសន្យាខ្យល់ សន្យាបោកប្រាស់ប្រជាជនយើង គឺមានតែគណបក្សប្រជាជនតែមួយគត់ដែលរួមសុខរួមទុកជាមួយបងប្អូន ដូច្នេះ សូមអញ្ជើញទៅបោះឆ្នោតគាំទ្រជូនបេក្ខជនក្រុមប្រឹក្សាឃុំ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅឃុំបន្ទាយ ស្ទោង ស្រុកស្ទោង ដែលមានលំដាប់លេខរៀងទី៤ នៅលើសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍឃុំ សង្កាត់ និងប្រទេសជាតិឱ្យមានការរីកចម្រើនដូចបណ្ដាលប្រទេសជឿនលឿនដទៃទៀតនៅលើពិភពលោក៕