(ភ្នំពេញ)៖ ខ្សែភាពយន្តខ្នាតធំ បែបស្នេហាឡិកឡក់ឡឺកឺ កំប្លែង កាច់កុង ឌឺដង និងកំប្លែង សើច តាំងពីដើមរហូតដល់ចប់ មានចំណងជើងថា «អ្នកនាងម្ចាស់ឡឺកឺ» ដែលជាវណ្ណកម្មថ្មីមួយទៀត របស់ផលិតកម្ម មហាហង្ស បានបើកសម្ពោធចាក់បញ្ចាំង ជាផ្លូវការហើយ នាល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ នៅរោងភាពយន្ត លេជេន ទួលគោក ក្រោមវត្តមានតារាសម្ដែងល្បីៗ ជាច្រើនដួងចូលរួម ញ៉ាំងឲ្យពិធីសម្ពោធនេះ កាន់តែសប្បាយអធិកអធ័ម ប្លែកភ្នែកពីសំណាក់ទស្សនិកជន។
នៅក្នុងពិធីដាក់បញ្ចាំងជាផ្លុវការ រឿង «អ្នកនាងម្ចាស់ឡឺកឺ» របស់ផលិតកម្ម មហាហង្ស គេសង្កេតឃើញមានវត្តមាន តារាសម្តែងក្នុងរឿងល្បីៗ ដូចជា អ្នកនាង សុខសោម៉ាវត្តី, លោក ជា វណ្ណារិទ្ធ, លោក អូន ឧស្សាហ៍, អ្នកនាង ស៊ុ សុម៉ាលី ,កញ្ញា ពេជ្រ ចិន្តា និងតារាសម្ដែងមួយចំនួនទៀត ព្រមទាំងប្រិយមិត្ត យុវវ័យជាច្រើនយ៉ាងកុះករ។
អ្វីដែលកាន់តែពិសេស និងធ្វើឲ្យមហាជនភ្ញាក់ផ្អើលនោះ គឺផលិតកម្មមហាហង្ស ដោយមានការហែរក្បួន Marching Band តាំងពីមុខចូលបរិវេណផ្សារទំនើប រហូតដល់ទីតាំង ក្នុងរោងភាពយន្តលេជេន ទួលគោក ដែលមានការទាក់ទាញអារម្មណ៍ជាខ្លាំង។
សូមបញ្ជាក់ថា បន្ទាប់ពីបើកសម្ពោធហើយនោះ រឿង«អ្នកនាងម្ចាស់ឡឺកឺ» នឹងចាក់បញ្ចាំងផ្លូវការ នៅថ្ងៃទី ១៩ ខែឧសភា ២០១៦ ថ្ងៃស្អែកនេះតទៅ គ្រប់រោងភាពយន្តទំនើបៗ ក្នុងរាជធានីភ្នំពេញ ដូចជា រោងភាពយន្ត Legend Cinemas រោងភាពយន្ត Platinum Cineplex រោងភាពយន្ត Major Cineplex រោងភាពយន្ត Platinum Cineplex ខេត្តសៀមរាប និង សាលមហោស្រពសីហមុនី ខេត្តកំពង់ចាម។
សូមប្រិយមិត្ត ក៏ដូចជាទស្សនិកជន ចូលទស្សនាឲ្យបានច្រើនកុះករ ដើម្បីជួយលើកស្ទួយវិស័យភាពយន្តខ្មែរ ឲ្យកាន់តែប្រសើរឡើង ក្នុងន័យវិស័យភាពយន្តកាន់តែរីកចម្រើន និងឈានទៅមុខជានិរន្តន៍។ ទោះបីជាយ៉ាងណា តំណាងផលិតកម្ម មហាហង្ស បានអះអាងថា រឿង «អ្នកនាងម្ចាស់ឡឺកឺ» នឹងទទួលបានភាពជោគជ័យ ព្រោះផ្ទៃរឿងទាំងមូល មានភាពទាក់ទាញ ជាពិសេសឈុតឆាកកំប្លែង មានលក្ខណៈប្លែកពីគេ ហើយតួសម្ដែងសុទ្ធសឹងតែ មានបទពិសោធន៍ខ្ពស់ ធ្វើឲ្យសាច់រឿងទទួលបានការចាប់អារម្មណ៍ខ្លាំង៕