(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង បានប្រគល់វិញ្ញាបនបត្រសម្គាល់អចលវត្ថុ (ប័ណ្ណកម្មសិទ្ធដីធ្លី) ជូនរដ្ឋបាលស្រុកកោះកុង និងស្រុកមណ្ឌលសីមា សម្រាប់ប្រគល់ជូនបន្តដល់ប្រជាពលរដ្ឋនៅភូមិចំនួន៥ ស្មើនឹង ១,១២៩ក្បាលដី។
ពិធីប្រគល់នេះ បានធ្វើឡើងនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ក្រោមវត្តមានលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង តំណាងលោកស្រី មិថុនា ភូថង អភិបាលខេត្ត។
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលត្រូវបានប្រគល់ជូនរដ្ឋបាលស្រុកទាំង២នេះ នឹងត្រូវបែកចែកជូនប្រជាពលរដ្ឋចំនួន ៥ភូមិនេះ រួមមាន៖
ទី១៖ ភូមិដីទំនាប (ស្រុកកោះកុង) ចំនួន ១៤១ក្បាលដី
ទី២៖ ភូមិត្រពំាងរូង (ស្រុកកោះកុង) ចំនួន ៧៨ក្បាលដី
ទី៣៖ ភូមិកោះកុងក្នុង (ស្រុកកោះកុង) ចំនួន ១០៩ក្បាលដី
ទី៤៖ ភូមិព្រែកអង្គុញ (ស្រុកកោះកុង) ចំនួន ១៧០ក្បាលដី
និងទី៥៖ ភូមិកោះប៉ោ (ស្រុកមណ្ឌលសីមា) ចំនួន ៦៣១ក្បាលដី។
សម្រាប់បណ្តាស្រុកផ្សេងៗ និងក្រុងខេមរភូមិន្ទ រដ្ឋបាលខេត្តនឹងរៀបចំចែកជូនជាបន្តបន្ទាប់តាមផែនការដែលបានគ្រោងទុក។
និយាយជារួមប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងនិយាយដោយឡែកសម្រាប់ខេត្តកោះកុង ដែលមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកោះកុង ព្រមទាំងមានការជួយជ្រោមជ្រែងពីសំណាក់ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រជាពលរដ្ឋទូទាំងខេត្តកោះកុង ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ/ប័ណ្ណកម្មសិទ្ធិដីធ្លី (បប០១) ជាង១ម៉ឺនប័ណ្ណ និងក្បាលដី៕