(បាត់ដំបង)៖ យ៉ាងហោចណាស់មនុស្សចាស់ក្មេងប្រមាណ៥០នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ក្រោយពុលបន្លែឆៅដែលហូបជាមួយបាញ់ហយ ក្នុងកម្មវិធីបុណ្យមួយកន្លែងដែលធ្វើនៅក្នុងវត្តសំរោងលើ ភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះថា ករណីនេះសមត្ថកិច្ចដាក់ការសង្ស័យថា អាចពុលបន្លែឆៅដែលពួកគាត់ហូបជាមួយបាញ់ហយ ក្នុងកម្មវិធីបុណ្យរបស់ឈ្មោះ ជា សារឿន អាយុ៦៦ឆ្នាំ រស់នៅភូមិព្រៃភ្ងាស ឃុំដូនបា ស្រុកគាស់ក្រឡ ដែលបានធ្វើបុណ្យនៅវត្តសំរោងលើ។

ក្នុងចំណោមមនុស្សទាំង៥២នាក់ ដែលបានទទួលទានបាញ់ហយ ជាមួយបន្លែឆៅ ហើយពុលជាបន្ដបន្ទាប់នេះ បានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ចំនួន២០នាក់។ បើតាមលោកអធិការ ករណីនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្ដទៀត។

យ៉ាងណាមិញ ក្រោយទទួលបានការសង្គ្រោះពលរដ្ឋមួយចំនួនធូរស្រាលឡើងវិញ ហើយត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញធម្មតា៕