(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា «ប្រទេសកម្ពុជារយះពេលចុងក្រោយ២៤ឆ្នាំនេះ ពោលចាប់ពីឆ្នាំ១៩៩៨មកដល់បច្ចុប្បន្ននេះ កម្ពុជាទទួលបាលសុខសន្តិភាពពេញលេញ, ការបង្រួបបង្រួមជាតិ, ឯកភាពជាតិ, ប្រជាធិបតេយ្យ និងការគោរពសិទ្ធមនុស្ស គឺមានតែ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលនាំកម្ពុជាយើងស្គាល់នូវសុខសន្តិភាព សម្បូរសប្បាយ រុងរឿង រីកចម្រើន ប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ និងប្រទេសជាតិមានមុខមានមាត់លើឆាកអន្តរជាតិ»។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងយ៉ាងដូច្នេះនៅក្នុងអញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានខេត្ត នៅសាលប្រជុំគណៈបញ្ជាការឯកភាព ដែលមានអ្នកចូលរួមសរុបចំនួន ៤២នាក់ នារព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។
ទន្ទឹមនឹងនេះ លោកបណ្ឌិតអភិបាលខេត្ត បានថ្លែងបញ្ជាក់ថា សម្ដេចតេជោ បានពន្លត់ភ្លើងសង្គ្រាមទាំងស្រុង ដែលនាំមកនូវវត្តមានសន្តិភាព បានរំដោះប្រទេសកម្ពុជាឲ្យរួចផុតពីសង្គ្រាម ដែលនេះជាស្នាដៃដ៏ធំធេង និងជាសមិទ្ធផលធំៗជាច្រើនបានកំពុងរីកស្គុសស្គាយពេញផ្ទៃប្រទេស ជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលបានដឹកនាំប្រទេសចេញពីផេះផង់ ពីចំណុចសូន្យ ឲ្យមកទទួលបាននូវការរីកចម្រើនយ៉ាងខ្លាំង ដែលនេះ ឆ្លុះបញ្ចាំងឲ្យឃើញនូវការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្ដេចតេជោ ដែលនាំអោយប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងប្រជាជនមានជីវភាពរស់នៅល្អប្រសើរ។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានអំពាវនាវប្រជាពលរដ្ឋទាំងអស់នៅក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតដែលកំពុងតែប្រព្រឹត្តទៅនៅពេលនេះ សូមមេត្តាឱ្យប្រកាន់ខ្ជាប់នូវ ភាពថ្លៃថ្នូរ វិន័យ កាត់បន្ថយឱ្យអស់លទ្ធភាពពីការកកស្ទះចរាចរណ៍ និងគោរពច្បាប់ផងដែរ។ បន្ថែមពីនេះ លោកបណ្ឌិត បានអំពាវនាវឲ្យប្រជាពលរដ្ឋបោះជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព បន្តអភិវឌ្ឍន៍ លើកកម្ពស់ជីវភាពរស់នៅ និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ដើម្បីទទួលបានសុខសន្តិភាពការអភិវឌ្ឍការរីកចម្រើន ហើយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ ដែលមានវ័យចំណាស់ខាងនយោបាយ និងមានបទពិសោធន៍ជាង៧០ឆ្នាំមកហើយ គឺមានគោលនយោបាយច្បាស់លាស់ ដឹកនាំប្រទេសឈានទៅរកភាពរីកចម្រើនលើគ្រប់វិស័យហើយជីវភាពប្រជាពលរដ្ឋមានភាពធូរធារជាលំដាប់៕