(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១-៧ ខែមិថុនា ឆ្នាំ២០២២ ដោយបញ្ជាក់ថា រយៈពេលនេះអាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងនៃសម្ពាធទាប ដែលស្ថិតនៅភាគខាងលើ ប្រទេសឡាវ និងប្រទេសវៀតណាមជាមួយនិងខ្យល់មូសុងនិរតី កម្រិតពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖តំបន់ទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
* បណ្តារាជធានីខេត្តនានា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

២៖តំបន់ខ្ពង់រាប
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
* នឹងអាចមានភ្លៀង នៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ។

៣៖តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
* សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
* នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់ ផ្គរ រន្ទះ និងរលកសំមុទ្រក្នុងកម្រិតពីមធ្យមទៅបង្គួរ៕