(កំពង់ស្ពឺ)៖ ក្នុងនាមជាពុទ្ធសាសនិកមួយរូប ដែលតែងតែ គោរពប្រតិបត្តិ និងយកចិត្តទុកដាក់ លើកតម្កើង វិស័យព្រះពុទ្ធសាសនានៅកម្ពុជានោះ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំឥស្សរជនថ្នាក់ដឹកនាំ រួមជាមួយមន្ត្រីកាកបាទក្រហមកម្ពុជា ថ្នាក់កណ្ដាល,ថ្នាក់សាខា និងយុវជន កាកបាទក្រហមកម្ពុជា អញ្ជើញដាំកូនឈើចំនួន៨០០ដើម និងទស្សនាស្វែងយល់ នូវសមិទ្ធផលនានា នៅក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដើម្បីលើកទឹកចិត្ត ថ្នាក់ដឹកនាំមជ្ឈមណ្ឌល, អាជ្ញាធរដែនដី ក៏ដូចជារួមចំណែកថែរក្សាបរិស្ថាន និងបង្កើនគម្របបៃតងនៅក្នុងឧទ្យានជាតិ ព្រះសុរាម្រិត-កុសុមៈ គីរីរម្យ។

ក្នុងឱកាសមានវត្ថមាន ដល់ទីតាំងខាងលើ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណៈប្រតិភូ អមដំណើរ បានអញ្ជើញថ្វាយបង្គំនិងប្រគេនទេយ្យវត្ថុ ថ្វាយ-ប្រគេន សម្តេចព្រះពោធិ៍វង្សកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងជា ព្រះប្រធានថេរសភា នៃព្រះពុទ្ធសាសនា,សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភា នៃ ព្រះពុទ្ធសាសនា ,សម្តេច ព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋាន គណៈសង្ឃនាយក និង ជាអគ្គលេខាធិការរងថេរសភា នៃព្រះពុទ្ធសាសនា និងព្រះមន្ត្រីសង្ឃចំនួន៩អង្គទៀតសរុប១២អង្គ ដែលបានយាងនិមន្ត ប្រោះព្រហ្មពុទ្ធជ័យមង្គល ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណៈប្រតិភូ។

ពីធីនេះបានប្រព្រឹត្តិទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនានិង
បានថ្វាយប្រគេន បច្ច័យកសាង សម្រាប់វត្តទាំង១២ ក្នុងវត្តនីមួយៗ ទទួលបានថវិកា ៥លានរៀល បវរណាចតុបច្ច័យថ្វាយប្រគេន សម្ដេចព្រសង្ឃនាយករងទី១ ព្រះប្រធានថេសភា, សម្តេច ព្រះអនុប្រធាន ថេរសភា និងសម្តេច ព្រះប្រធាន លេខាធិការដ្ឋានគណៈសង្ឃនាយក ក្នុង១ព្រះអង្គៗ ១លានរៀល។ ដោយឡែក ព្រះមន្ត្រីសង្ឃ៩ អង្គទៀត ក្នុង១អង្គៗបច្ច័យ៥០ម៉ឺនរៀល។

ជាមួយនេះ សម្រាប់វត្តធម្មបណ្ឌិតក្នុងមជ្ឈមណ្ឌល់វប្បធម៌ព្រះ
ពុទ្ធសាសនាកម្ពុជាទទួលបាននូវទេយ្យទានបន្ថែម ក្នុងនោះរួមមាន៖ អង្ករ២០០គីឡូក្រាម, មី១០កេស, ត្រីខ៣កេស, សាច់ក្រក១០គីឡូក្រាម, ត្រីងៀត១០គីឡូក្រាម, ស្កសរ១០គីឡូក្រាម, ទឹកដោះគោខាប់២កេស, អូវ៉ាន់ទីន២កេស, តែ៥គីឡូក្រាម, ទឹកក្រូច១០កេស, ទឹកបរិសុទ្ធ១០កេស និងផ្លែឈើស្រស់១កន្ត្រក។

បន្ទាប់ពីបញ្ចប់ពិធីតាមបែបសាសនា សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូទាំងអស់ បានអញ្ជើញដាំកូនឈើចំនួន៨០០ដើម នៅលើទីតាំងដីក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលក្នុងពិធីនេះ ក៏មានការចូលរួមផងដែរពី លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្តីរដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភារដ្ឋសភា និងអធិការកិច្ច លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង
បរិស្ថាន, លោក វ៉ីសំណាង អភិបាលខេត្តកំពង់ស្ពឺ, លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ មន្ត្រីបរិស្ថាន យុវជននៃសហភាពសហព័ន្ធ យុវជនកម្ពុជា យុវជនកាយឬទ្ធិកម្ពុជា និងសិស្សានុសិស្សផងដែរ។

បន្ទាប់ពីបញ្ចប់ការ ដាំកូនឈើ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូ បានអញ្ជើញទស្សនា
ប្រាសាទតម្កល់ព្រះត្រៃបិតក ដែលជាប្រាសាទទី១ បានបង្ហាញនូវ សោភ័ណ្ឌភាពមុនគេ នៅក្នុងមជ្ឈមណ្ឌល
វប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា មានវិសាលភាពផ្ទៃដីប្រមាណ១២៦ហិកតា ជាដីសម្បទានពី រាជរដ្ឋាភិបាលកម្ពុជា ស្ថិតនៅក្នុងតំបន់ ឧទ្យានជាតិ ព្រះសុរាម្រិត-កុសុមៈគិរីរម្យក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយគ្រោងនឹងចំណាយថវិកាលើការស្ថាបនា សមិទ្ធិផលនានាខ្ទង់រាប់សិបលានដុល្លារ ដែលអាចចាត់ទុកថា គឺជាមជ្ឈមណ្ឌល វប្បធម៌ ព្រះពុទ្ធសាសនា ដ៏ធំជាងគេបំផុតពុំធ្លាប់មានក្នុងប្រវត្តិសាស្ដ្រកម្ពុជា។

អគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា តំណាងឲ្យឥស្សរជន សប្បុរសជន ព្រមទាំងពុទ្ធបរិស័ទទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានផ្ដល់ដី១២៦ហិចតា ដើម្បីផ្ដើមកសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដ៏ធំមួយនេះទុកជាសម្បត្តិជាតិ សម្រាប់គោរពបូជារបស់មនុស្សលោក និងជាកន្លែងសិក្សាបតិបត្តិព្រះធម៌អប់រំចិត្ត បណ្ដុះបណ្ដាលធនធានមនុស្ស ប្រកបដោយគុណធម៌៕

ខាងក្រោមនេះ ជាបទសម្ភាសរបស់ លោកស្រី ម៉ែន នារីសោភ័គ និងអគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា៖