(កំពង់ឆ្នាំង)៖ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ ដែលឈរឈ្មោះលំដាប់លេខរៀងទី១ ទី២ និងបន្តបន្ទាប់របស់គណបក្សភ្លើងទៀន និងគណបក្សដទៃទៀត នៅតាមឃុំមួយចំនួន នៃស្រុកទឹកផុសចំនួន៣៥រូប បានសម្រេចចិត្តដាក់ពាក្យលាលែងពីបេក្ខជនឈរឈ្មោះ និងបានសុំលាលែងពីសមាជិកគណបក្ស ដោយអស់ជំនឿលើថ្នាក់ដឹកនាំគណបក្ស។
ក្រៅពីការលាឈប់របស់បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ ក៏មានសកម្មជនរបស់គណបក្សទាំងនោះសរុប៩៧នាក់ផងដែរ បានលាឈប់ពីគណបក្សរបស់ខ្លួន។
បន្ថែមពីនេះទៀត បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ និងសកម្មជនខាងលើ ក៏បានធ្វើចលនាឱ្យសមាជិករបស់ខ្លួនរាប់រយនាក់នៅទូទាំងស្រុកទឹកផុស ចាកចេញពីគណបក្ស ដើម្បីមកចូលជាសមាជិក គណបក្សប្រជាជនកម្ពុជា។
ការសម្រេចចាកចេញពីគណបក្សនេះ គឺដោយសារតែកន្លងមក ការរៀបចំរបស់ក្រុមការងាររៀបចំរចនាសម្ព័ន្ធគ្រប់គ្រង គឺបក្ខពួកនិយម ហើយតែងតែផ្លាស់ប្តូរលេខរៀងបេក្ខជនតាមតែអំពើចិត្ត និងមិនទទួលយកការផ្តល់យោបល់ ពីថ្នាក់ក្រោមឡើយ ជាពិសេសគោលនយោបាយរបស់គណបក្សមិនមានភាពប្រាកដនិយម។
បើតាមលោក ឃុត បឿន បេក្ខជនពេញសិទ្ធិលេខរៀងទី១ របស់គណបក្សភ្លើងទៀន ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស បានលើកឡើងថា លោកអស់ជំនឿលើគណបក្សភ្លើងទៀន ដោយសារថ្នាក់ដឹកនាំបក្សនេះ ពុំមានសមត្ថភាពដឹកនាំ ហើយគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ តាំងពីឬសគល់ដើមមក បក្សនេះបានសន្យាជាមួយប្រជាជនច្រើនណាស់ប៉ុន្តែពុំដែលបានធ្វើឡើយ ហើយថែមទាំងសន្យាបោកប្រាស់ប្រជាជនរឿងដែលមិនអាចធ្វើបាន។
លោក ឃុត បឿន បានបន្ថែមថា គាត់ត្រូវបានបំភ័យមិនឲ្យទៅចាក់វ៉ាក់សាំងកូវីដ១៩ ហើយប្រសិនបើគាត់ និងសមាជិកដទៃទៀតជឿតាម ប្រហែលជាពេលនេះត្រូវរងទុក្ខសោកដោយសារជំងឺនេះជាមិនខាន។ លោកថា មានតែ សម្តេចតេជោទេ ដែលគិតពីផលប្រយោជន៍ជាតិ ហ៊ានប្តូរជីវិតដើម្បីស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជាឱ្យរស់នៅសុខសាន្ត និងបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទទួលបានជោគជ័យ ទូទាំងប្រទេស៕