(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ និងក្រុមការងារ បានបន្តជួបជាមួយក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា ដើម្បីកំណត់ភាពឈ្នះបន្ថែមទៀត ហើយធ្វើយ៉ាងណា ចូលរួមបោះឆ្នោតស្របតាមគោលការណែនាំរបស់ គ.ជ.ប។
ថ្លែងក្នុងជំនួបនោះ លោក ហ៊ុន ម៉ានី បានរំលឹកអំពីឯកសារដែលប្រជាពលរដ្ឋត្រូវភ្ជាប់ទៅបោះឆ្នោតថា ឯកសារដែលត្រូវកាន់យកទៅបោះឆ្នោត មានតែពីរគត់គឺ អត្តសញ្ញាណប័ណ្ឌសញ្ញាតិខ្មែរ (អ.ខ) ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត (ឯ.អ)។ លោកបានបញ្ជាក់ថា ឯកសារ ឬប័ណ្ឌព័ត៌មានផ្សេងៗទៀត មិនអាចប្រើប្រាស់ដើម្បីបោះឆ្នោតបានឡើយ។
លោក ហ៊ុន ម៉ានី ក៏បានបញ្ជាក់ផងដែរថា សន្លឹកឆ្នោតមួយសន្លឹករបស់លោកយាយ លោកតា ពុក ម៉ែ មាមីង បងប្អូន ជូនគណបក្សប្រជាជនកម្ពុជា គឺជាការផ្តល់ឱកាសជូនដល់ខ្លួនឯង ក្នុងការចូលរួមក្នុងបេសកកម្ម អភិវឌ្ឍន៍ប្រទេសជាតិ ដែលកំពុងធ្វើដំណើរយ៉ាងស្ទុះស្ទារ ក្រោមម្លប់ដ៏ត្រជាក់ត្រជុំ នៃសុខសន្តិភាព។ សន្លឹកឆ្នោតមួយសន្លឹកនោះ ក៏នឹងអាចធានាបាននូវអនាគតដ៏ស្រស់បំព្រងរបស់កូនចៅជំនាន់ក្រោយៗ របស់យើងជាបន្តទៀត។
នៅមិនប៉ុន្មានថ្ងៃទៀតនោះទេ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២២ នឹងមកដល់ គឺនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ ការបោះឆ្នោតនឹងត្រូវបានប្រព្រឹត្តទៅចាប់ពីម៉ោង ៧ ព្រឹក រហូតដល់ម៉ោង ៣រសៀល។
ឆ្លៀតក្នុងឱកាសនៃជំនួបនាព្រឹកនេះ លោក ហ៊ុន ម៉ានី បានអញ្ជើញលោកយាយ លោកតា ពុក ម៉ែ មាមីង បងប្អូនទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នាជូនគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឆ្ពោះ ទៅមុខកាន់តែរីកចម្រើន ក៏ដូចជាធានាបាននូវអនាគតដែលកាន់តែល្អប្រសើរដល់កូនចៅជំនាន់ក្រោយៗ៕