(ពោធិ៍សាត់)៖ លោក រ៉ូហ្វី អូស្មាន តំណាងរាស្ត្រ ខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលទទួលបន្ទុកខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំកក្រុមការងារចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា សកម្មជន គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ចំនួួន៣៤០នាក់ មកពីភូមិចំនួនបី គឺភូមិកាប៉ាស់លើ ភូមិចាមថ្មី និងភូមិដង្កៀបក្តាម ស្ថិតក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
ថ្លែងទៅកាន់សមាជិក សមាជិកា សកម្មជន គណៈចលនាសាសកឥស្លាម លោក រ៉ូហ្វី អូស្មាន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាសឥស្លាម ដែលបានខិតខំអនុវត្តភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលខុសត្រូវសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ។
លោកអំពាវនាវប្រជាពលរដ្ឋបោះជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសុខសន្តិភាព បន្តអភិវឌ្ឍ លើកកម្ពស់ជីវភាពរស់នៅ និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ការបោះឆ្នោតគាំទ្រជូនដល់បេក្ខជនមេឃុំមកពីគណបក្សប្រជាជនកម្ពុជា គឺដើម្បីឲ្យក្រុមការងារបានបន្តបំពេញភារកិច្ចបម្រើដល់ប្រជាពលរដ្ឋគ្រប់ឃុំ សង្កាត់ ធានាឲ្យបាននូវសិទ្ធសេរីភាព ប្រជាធិបតេយ្យ សន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់ សុវត្តិភាព និងការទទួលខុសត្រូវចំពោះការអភិវឌ្ឍក្នុងមូលដ្ឋាន។
លោកបានបន្ថែមថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ បូរណភាពទឹកដី ដែលនេះ គឺជាសច្ចធម៌ប្រវត្តិសាស្ត្រ សម្រាប់ជាតិ និងប្រជាជនកម្ពុជា ដែលមិនធ្លាប់មានក្នុងរយៈពេលកន្លងមកនេះ មានសម្តេចតេជោ គឺមានសុខសន្តិភាព ប្រទេសមានការរីកចម្រើនលើគ្រប់វិស័យ ដូច្នេះត្រូវចូលរួមថែរក្សាសុខសន្តិភាពទាំងអស់គ្នា តាមរយៈការនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា នាឱកាសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២២ឲ្យបានគ្រប់ៗគ្នា។
លោកបានសង្កត់ធ្ងន់ថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីសេចក្តីសុខ និងអភិវឌ្ឍន៍សហគមឥស្លាមកម្ពុជា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីថែរក្សាសុខសន្តិភាព ស្ថេរភាព និងវឌ្ឍនភាពសង្គម៕