(ស្វីស)៖ គេហទំព័ររបស់សហភាពពិភពលោក នៃសហគ្រាសធុនតូច និងមធ្យមនៅអឺរ៉ុប WUSME (The World Union of Small and Medium Enterprises) ដ៏ល្បីដែលមានទីស្នាក់ការកណ្ដាលនៅរដ្ឋសាន់ម៉ារីណូ Repubblica di San Marino សហគមអឺរ៉ុប បានចុះផ្សាយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា ក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវូសDavos ប្រទេសស្វីស។

គេហទំព័របានផ្សាយថា៖ DAVOS - ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ - វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២២ កំពុងប្រព្រឹត្តទៅនៅទីក្រុង Davos លើភ្នំ Alps ប្រទេសស្វីស ដែលជាកិច្ចប្រជុំអន្តរជាតិ និងជាឱកាសសម្រាប់ការពិភាក្សាគ្នាជាមួយបណ្តាប្រទេសជាច្រើន ក្នុងពិភពលោកដោយផ្ទាល់បន្ទាប់ពីបិទបញ្ចប់នៅថ្ងៃទី២៦ ខែឧសភា។

ឆ្លៀតក្នុងឱកាសនៃព្រឹត្តិការណ៍នេះ តំណាងពិសេសរបស់ WUSME និងជាឯកអគ្គរដ្ឋទូតសុឆន្ទះប្រចាំនៅកម្ពុជា (WUSME Special Representative and Ambassadress in Cambodia) លោកជំទាវឧកញ៉ា Roseline So មានឱកាសប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នូវសារលិខិត និងវត្ថុអនុស្សាវរីយ៍ដែលជានិមិត្តរូប នៃសហភាពពិភពលោក ពីលោកស្រី Barbara Terenzi ប្រធាន WUSME ។

នៅក្នុងសារលិខិតរបស់លោកស្រី ប្រធាន WUSME បានបង្ហាញពីឆន្ទៈរបស់សហភាពពិភពលោក នៃសហគ្រាសធុនតូចនិងមធ្យម ក្នុងការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នមានសមត្ថកិច្ចក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍សហគ្រាស ដែលជាឱកាសសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ៕