(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃទី១០ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺសភាពការណ៍ទូទៅបានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។
គ.ជ.ប បានឱ្យដឹងថា ក្នុងថ្ងៃទី១០នេះ គណបក្សនយោបាយបានធ្វើសកម្មភាពឃោសនានៅមណ្ឌលបោះឆ្នោតនីមួយៗ តាមកម្មវិធីកំណត់។ តាមការកត់សម្គាល់ នៅខេត្តតាកែវ គណបក្សប្រជាជនកម្ពុជា ហែក្បួនចំនួន៣ឃុំសង្កាត់ និងធ្វើការជួបប្រជុំ ចែកខិត្តប័ណ្ណ និងចាក់មេក្រូផ្សព្វផ្សាយចំនួន ២១ឃុំសង្កាត់ គណបក្សភ្លើងទៀន ហែក្បួនចំនួន ២ឃុំសង្កាត់ និងធ្វើការជួបប្រជុំចែកខិត្តប័ណ្ណ និងចាក់មេក្រូផ្សព្វផ្សាយចំនួន ១៥ឃុំសង្កាត់ គណបក្សកែទម្រង់កម្ពុជា ធ្វើការជួបប្រជុំ ចែកខិត្តប័ណ្ណ និងចាក់មេក្រូផ្សព្វផ្សាយចំនួន ៤ឃុំសង្កាត់ គណបក្សខ្មែរតែមួយ ហែក្បួនចំនួន ១ឃុំ គណបក្ស ខ្មែររួបរួមជាតិ ធ្វើការចែកខិត្តប័ណ្ណចំនួន ១ឃុំ ហើយគណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា និងគណបក្សឯកភាពជាតិខ្មែរ ធ្វើការចាក់មេក្រូផ្សព្វផ្សាយចំនួន ១ឃុំ។
រីឯខេត្តកំពង់ឆ្នាំង សម្រាប់សកម្មភាពឃោសនាតាមរយៈការជួបប្រជុំ ការចែកខិត្តប័ណ្ណ និងការចាក់មេក្រូផ្សព្វផ្សាយ គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពចំនួន ៣៦ឃុំសង្កាត់ គណបក្សភ្លើងទៀន ចំនួន២២ឃុំសង្កាត់ គណបក្សខ្មែររួបរួមជាតិ ចំនួន៦ឃុំសង្កាត់ គណបក្សហ៊្វុនស៊ិនប៉ិច ចំនួន៣ឃុំសង្កាត់ និងមានហែក្បួនចំនួន ១ឃុំ គណបក្សខ្មែរស្រឡាញ់ជាតិ ចំនួន ២ឃុំសង្កាត់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចំនួន២ឃុំសង្កាត់ ហើយគណបក្សយុវជនកម្ពុជា និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានធ្វើសកម្មភាពចំនួន១ឃុំ។
សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ហើយរាល់សកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនាំរបស់ គ.ជ.ប៕