(កណ្ដាល)៖ លោក ហេង រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលជួយស្រុកលើកដែក ខេត្តកណ្ដាល នៅថ្ងៃទី២៩-៣០ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា និងប្រធានមណ្ឌលឃោសនាបោះឆ្នោត ដើម្បីផ្ទៀងផ្ទាល់ឯកសារត្រៀមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ នៅក្នុងស្រុកលើកដែក ខេត្តកណ្ដាល។
ក្នុងឱកាសនោះ លោក ហេង រតនា ក៏បានលើកឡើងផងដែរថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលដឹកនាំប្រទេសជាតិ ឲ្យមានសុខសន្តិភាពស្ថេរភាព និងការរីកចម្រើន មកដល់សព្វថ្ងៃ។
លោក ហេង រតនា បានបន្តថា គណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុលពត នៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ និងបានកសាងប្រទេសជាតិឡើងវិញ ពីបាទដៃទទេ បានធ្វើឲ្យប្រទេសជាតិ មានការរីកចំរើន និងមានសុខសន្តិភាព ស្ថេរភាព ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង។
លោកបានគូសបញ្ជាក់ថា បើគ្មានសុខសន្តិភាពទេ ប្រទេសជាតិ ក៏គ្មានការរីកចម្រើន និងគ្មានការកសាងដូចសព្វថ្ងៃនេះដែរ ហើយប្រជាពលរដ្ឋរស់ក្នុងភាពភ័យខ្លាច មិនអាចដើរហើរធ្វើការរកស៊ី បានដូចសព្វថ្ងៃនេះឡើយ។
លោកបន្តថា បច្ចុប្បន្នប្រទេសកម្ពុជារបស់យើង ប្រកាន់យកនូវរបបប្រជាធិបតេយ្យពហុបក្ស ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។ ទាំងនេះក៏ដោយសារក៏ដោយសារនយោបាយ ឈ្នះ ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ធ្វើឲ្យសង្គ្រាមផ្ទៃក្នុងត្រូវបានបញ្ចប់ និងទទួលបានមកវិញនូវសុខសន្តិភាព សិទ្ធិសេរីភាព ប្រជាធិបតេយ្យ។
លោក ហេង រតនា ក៏បានលើកឡើងអំពីតម្លៃសន្ដិភាព បើសិនជាគ្មានសន្ដិភាពទេ គឺមិនមែនការអភិវឌ្ឍន៍ ហើយក៏គ្មានជួបជុំគ្នាផងដែរ។ តួរយ៉ាងដូចប្រទេសអ៊ុយក្រែន ដែលជាប្រទេសធ្លាប់តែរុងរឿង ឥឡូវនេះបានប្រែក្លាយទៅជាប្រទេសមួយ ដែលខ្ទេចខ្ទាំដោយសារតែសង្គ្រាម ដូច្នេះសន្ដិភាព គឺជារឿងសំខាន់ ដែលយើងត្រូវចូលរួមការពារទាំងអស់គ្នា។
លោក ហេង រតនា បានឲ្យដឹងផងដែរចំពោះវ៉ាក់សាំង ប្រសិនជាគ្មានការគិតគូរដ៏ឈ្លាសវៃ ត្រឹមត្រូវ និងទាន់ពេលវេលារបស់សម្ដេចតេជោ ហ៊ុន សែន នោះទេ គឺយើងនឹងជួបបញ្ហា ដូចប្រទេសជិតខាង ឧទាហរណ៍ ដូចជាប្រទេសវៀតណា និងថៃជាដើម។ ដោយសារតែយុទ្ធសាស្ដ្រវ៉ាក់សាំង របស់សម្ដេចតេជោនេះហើយ បានធ្វើឲ្យយើងទាំងអស់គ្នា អាចដើរហើរបានដោយសេរី និងមានការជួបជុំគ្នាបានឡើងវិញ ប៉ុន្ដែយើងនៅតែពង្រឹង និងនៅតែអនុវត្ដវិធានសុខាភិបាល ឲ្យបានគ្រប់ៗ ដើម្បីប្រយុទ្ធនឹងជំងឺនេះ។
លោក ក៏បានប្រាប់ដល់សមាជិក-សមាជិកា ក៏ដូចជាថ្នាក់ដឹកនាំ ត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ ក្នុងការទប់ស្កាត់នូវព័ត៌មានក្លែងក្លាយ និងឆ្លើយតបទៅវិញ ដែលគេបានលើកឡើង ក៏ដូចជាទប់ស្កាត់នូវព័ត៌មានក្លែងក្លាយមួយចំនួន ដែលបង្ហោះនៅតាមប្រព័ន្ធអេឡិចត្រូនិក ដូចជានៅក្នុង Facebook ជាដើម។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២ រហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា មានគណបក្សចំនួន១៧ ដែលស្នើសុំធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅតាមមូលដ្ឋាន ហើយគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ក៏បានសហការជាមួយអាជ្ញាធរ រៀបចំតម្រាយផ្លូវ និងបែងចែកពេលវេលា ដើម្បីចៀសវាងបញ្ហាប៉ះគ្នាជាដើម។
គ.ជ.ប បានបញ្ជាក់ថា ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ មានបំណងឲ្យគណបក្សនយោបាយដែលបានអនុញ្ញាតឲ្យចុះបញ្ជីបេក្ខជន និងបេក្ខជន ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន ក្នុងការអភិវឌ្ឍន៍ឃុំសង្កាត់ដល់អ្នកបោះឆ្នោត៕