(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលឃោសនារកសំលេងឆ្នោត និងផ្សព្វផ្សាយគោលនយោបាយបក្ស ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ជាមួយបងប្អូនប្រជាពលរដ្ឋ នៅភូមិជ្រាំងក្រហម ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។
លោកស្រី បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា គណបក្សប្រជាជនតែងតែរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។
លោកស្រីបន្តថា ការគោរពស្រលាញ់ និងជំនឿទុកចិត្តរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ គឺដោយបានខិតខំបម្រើពុកម៉ែបងប្អូន ប្រកបដោយភាពស្មោះត្រង់ព្រមជាមួយនឹងឆន្ទៈប្តូរផ្តាច់ស្របតាម គោលនយោបាយរបស់គណបក្ស និងមាគ៌ាដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
លោកស្រីបន្តទៀតថា ជានិច្ចកាលគណបក្សប្រជាជនតែងតែរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ មិនមែនឃើញមុខតែក្នុងរដូវកាលបោះឆ្នោតនោះទេ ជាពិសេសក្នុងបរិបទកូវីដ១៩ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគិតគូរនូវសុខមាលភាពប្រជាពលរដ្ឋ ដោយបានស្វែងរកទិញវ៉ាក់សាំងចាក់ស្រោចជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដោយឥតគិតថ្លៃ មិនប្រកាន់ពូជសាសន៍ និងនិន្នាការ នយោបាយនោះឡើយ ទើបធ្វើឲ្យកម្ពុជាយើងទទួលការកោតសរសើរពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ ដូច្នេះដើម្បីសន្តិភាព ស្ថិរភាព សុវត្ថិភាពប្រទេសជាតិ និងប្រជាជន យើងត្រូវជឿជាក់លើគណបក្សប្រជាជនទាំងអស់គ្នា កុំជឿលើការញុះញង់របស់គណបក្សនយោបាយផ្សេងឱ្យសោះ។
ជាចុងក្រោយលោកស្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវជំនឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា ហើយបោះឆ្នោតគាំទ្រ ជូនដល់បេក្ខជនមកពីគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា នៅថៃ្ងទី៥ ខែមិថុនា ឆ្នាំ២០២២ ពិសេសនូវឃុំកំពង់ស្វាយ គណបក្សប្រជាជនកម្ពុជា ឈរលំដាប់លេខរៀងទី៥៕