(កំពង់ឆ្នាំង)៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ លោកមេឃុំឆ្នុកទ្រូ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង រួមទាំងក្រុមប្រឹក្សាឃុំមកពីគណបក្សប្រជាជនកម្ពុជា មានក្តីសង្ឃឹមយ៉ាងមុតមាំថា គណបក្សប្រជាជនកម្ពុជា នឹងដណ្តើមយកជ័យលាភីលេខ១ជាបន្តទៀត ដោយសារតែពួកគាត់ជឿជាក់លើការដឹកនាំ និងបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនរយៈពេល ៥ឆ្នាំកន្លងមក ត្រូវបានប្រជាពលរដ្ឋក្នុងមូលដ្ឋានគោរពស្រឡាញ់រាប់អាន។
លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ បានថ្លែងថា នៅក្នុងឃុំឆ្នុកទ្រូ មានសមាជិកក្រុមប្រឹក្សាឃុំ របស់គណបក្សប្រជាជនកម្ពុជា ចំនួន៧នាក់ និងមានប្រជាពលរដ្ឋចំនួន ៣,២៤៧នាក់ ដែលមានអាយុគ្រប់បោះឆ្នោត និងបានចុះបញ្ជីបោះឆ្នោតក្នុងឃុំរួចរាល់ផងដែរ។ លោកបានបញ្ជាក់ទៀតថា រយៈពេល៥ឆ្នាំកន្លងមក ការអភិវឌ្ឍក្នុងមូលដ្ឋានឃុំឆ្លុកទ្រូរបស់លោក បង្កើតបានសមិទ្ធផលជាច្រើន រួមទាំងហេដ្ឋារចនាសម្ព័ន្ធផងដែរ។
លោកមេឃុំឆ្នុកទ្រូ បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងឃុំឆ្នុកទ្រូ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ ទៅបោះឆ្នោតឲ្យបានគ្រប់គ្នា និងបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាបេក្ខភាពនាយករដ្ឋមន្ត្រី ដើម្បីបន្តការអភិវឌ្ឍ និងផ្ដល់នូវសុខសន្តិភាពជូនប្រជាជនកម្ពុជា រស់នៅប្រកបដោយសុខក្សេមក្សាន្ត ក្នុងរបបប្រជាធិបតេយ្យ សេរីពហុបក្ស ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។
ដោយឡែក លោកមេឃុំឈូកស ស្រុកកំពង់ត្រឡាច បានបញ្ជាក់ផងដែរថា ក្នុងឃុំរបស់លោកក៏មានសមាជិកក្រុមប្រឹក្សាឃុំចំនួន៧រូបផងដែរ មកពីគណបក្សប្រជាជនកម្ពុជា ដែលបាននិងកំពុងបន្តការងារបម្រើប្រជាពលរដ្ឋ បានយ៉ាងល្អ ទាំងសេវាសាធារណៈ ទាំងសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ការអភិវឌ្ឍសមិទ្ធិផលថ្មីៗ ក៏ដូចជាការយកចិត្តទុកដាក់លើសុខមាលភាពប្រជាជនគ្រប់ទីកន្លែង។
លោកបន្ថែមថា មូលហេតុប្រជាជនស្រឡាញ់ការដឹកនាំរបស់ក្រុមប្រឹក្សាឃុំឈូកស ទាំង៧រូបនោះ គឺក្រុមប្រឹក្សាឃុំទាំងអស់មានមុខងារ និងការទទួលខុសត្រូវច្បាស់លាស់ លើការងារដឹកនាំ គ្រប់គ្រង ចាត់ចែងរដ្ឋបាលឃុំ គ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ ធនធានហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ បុគ្គលិក និងការផ្តល់សេវាសាធារណៈចាំបាច់ ព្រមទាំងអភិវឌ្ឍសេដ្ឋកិច្ចក្នុងដែនសមត្ថកិច្ចរបស់ខ្លួនស្របតាមការកំណត់នៃច្បាប់។
មេឃុំគឺជាមន្ត្រីអត្រានុកូលដ្ឋាន ដែលមានកាតព្វកិច្ចក្នុងការចុះបញ្ជីកំណើត បញ្ជីអាពាហ៍ពិពាហ៍ បញ្ជីមរណភាពជូនប្រជាពលរដ្ឋក្នុងឃុំដោយមិនរើសអើង ឬទារថ្លៃសេវាឡើយ។ ចំណែកគោលនយោបាយអភិវឌ្ឍន៍ របស់គណកម្មាធិការគណបក្សឃុំឈូកស ឆ្នាំ២០២២-២០២៧ ត្រូវបានរៀបចំឡើងដោយឈរលើមូលដ្ឋានទិដ្ឋភាពជាក់ស្ដែងរបស់ឃុំឈូកស និងតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋគ្រប់រូបនៅក្នុងមូលដ្ឋាន៕