(កំពត)៖ លោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ បាននាំយកថវិកាជិត៣០លានរៀល ទៅប្រគេនព្រះចៅអធិការ និងព្រះសង្ឃ សម្រាប់កសាងព្រះវិហារវត្ត «បត់ត្រសេករតនារាម» ស្ថិតក្នុងភូមិទ្វាថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។
ការប្រគេនថវិកាកសាងព្រះវិហារវត្តខាងលើនេះ ធ្វើឡើងក្នុងកម្មវិធីសម្ភោធឆ្លងសាលាធម្មសភា និងសមិទ្ធិផលនានាក្នុងវត្តដែលមានការអញ្ជើញចូលរួមពី លោក ហេង វន្ថា អភិបាលរងខេត្តកំពត និងមន្ត្រីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនរូបផងដែរ។ លោក ឯក ឆេងហ៊ួត បានលើកឡើងថា ថវិកាទាំងអស់នេះ បានមកពីការការបរិច្ចាគរបស់សប្បរសជននានាមួយចំនួន ក្រៅពីនេះ ជាថវិការូបលោកផ្ទាល់ ហើយបានតម្កល់សម្រាប់កសាងវត្តចំនួន២២លានរៀល និង១៤៣០ដុល្លារ។ លោកព្រះរាជអាជ្ញាបានថ្លែងថា ដោយសារតែប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាពពេញលេញ បានធ្វើឲ្យមានការកសាងវត្តអារាមជាច្រើនកន្លែងនៅទូទាំងប្រទេស សម្រាប់ការប្រតិបត្តិរបស់ប្រជាពលរដ្ឋខ្មែរដែលមានចំនួនជាង៩០ភាគរយជាអ្នកកាន់សាសនាព្រះពុទ្ធ៕