(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានព្យួរសិទ្ធិបោះឆ្នោតបណ្ដោះអាសន្ន សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។
ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ គ.ជ.ប បានបញ្ជាក់ថា ក្រៅពីប្រធាន ដែលត្រូវបានព្យួរសិទ្ធិបោះឆ្នោតបណ្ដោះអាសន្នហើយនោះ អនុប្រធាន និងសមាជិក សរុបទាំងចំនួន៩រូប ក៏ត្រូវបានព្យួរសិទ្ធិបោះឆ្នោតដូចគ្នានេះដែរ។
សេចក្ដីសម្រេចដដែលបានឲ្យដឹងថា អ្នកដែលត្រូវបានព្យួរសិទ្ធិបោះឆ្នោតទាំង៩នាក់រួមមាន៖
*ទី១៖ លោក ប្រាជ្ញ ចន្ឌ
*ទី២៖ លោក នុត សុខុម
*ទី៣៖ លោក មាន សទិ
*ទី៤៖ លោក ឌឹម សុវណ្ណារុំ
*ទី៥៖ លោក ឌុច សុន
*ទី៦៖ លោក ហ៉ីង ធិឫទ្ធិ
*ទី៧៖ លោក ឯម សុផាត
*ទី៨៖ លោក ហ៊ែល សារ៉ាត់
*ទី៩៖ លោក ហង្ស ពុទ្ធា។
បន្ថែមលើសេចក្តិសម្រេចរបស់ខ្លួន លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តថា «ការសម្រេចព្យួរសិទ្ធិបោះឆ្នោតជាបណ្ដោះអាសន្នប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប នេះ គឺធ្វើឡើងតាមច្បាប់ស្តីពីការបង្កើតស្ថាប័ន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីធានាអព្យាក្រឹត្យភាព ហើយប្រធាន អនុប្រធាន និងសមាជិកទាំង៩រូប ក្រោយពេលឈប់តួនាទី សមាជិក គ.ជ.ប រយៈពេល២ឆ្នាំ គឺមិនអនុញ្ញាតឱ្យចូលធ្វើសកម្មភាពនយោបាយជាមួយគណបក្សណាមួយនោះទេ»។
អ្នកនាំពាក្យរូប នេះ បានបញ្ជាក់ថា «ដោយឡែកព្រះមហាក្សត្រ និងសម្តេចម៉ែទ្រង់មានសិទ្ធិ ប៉ុន្តែព្រះអង្គទាំងពីរ ទ្រង់ក៏មិនយាងទៅបោះឆ្នោតដែរ»។
គួរជម្រាបថា ការព្យួរសិទ្ធិបោះឆ្នោត ប្រធាន អនុប្រធាន និងសមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះ ត្រូវបានធ្វើឡើងដើម្បីធានាដល់អព្យាក្រឹត្យដល់ដំណើការ នៃការបោះឆ្នោត៕