(ភ្នំពេញ)៖ លោក សុខ សូកេន សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កយគបក-កបទ.សអ) បានលើកឡើងថា យុវជនគណបក្សប្រជាជនកម្ពុជាទាំងអស់ មានតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកថែរក្សាសន្តិភាព សេ្ថរភាពនយោបាយ និងសន្តិសុខ ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេសការចូលរួមអនុវត្ដ គោលនយោបាយរបស់គណបក្សសំដៅពង្រឹង និងជំរុញការចាត់តាំងអនុវត្ដការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ តាមផែនការរបស់គណបក្សឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដើម្បីចូលរួមធានាជ័យជម្នះជូនគណបក្សក្នុងការបោះឆ្នោតខាងមុខនេះ។
លោកបានបញ្ជាក់ថា ពោលគឺសម្រេចឱ្យបាននូវទិសស្លោក «រក្សាចាស់បង្កើនថ្មី» និង «យុវជនគណបក្ស១រូប គឺជាសំឡេងឆ្នោតគាំទ្រគណបក្ស ១សន្លឹក»។
ការលើកឡើងបែបនេះរបស់ លោក សុខ សូកេន បានធ្វើឡើងនាឱកាសលោកបានអញ្ជើញថ្លែងសន្ទរកថាបើក និងបិទក្នុងកម្មវិធីបណ្ដុះបណ្ដាលស្ដីពី «យុវជនឆ្ពោះទៅកាន់ការបោះឆ្នោត» តាមរយៈប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព លោក ស៊ាន បូរ៉ាត សមាជិកគណៈកម្មាធិការកណ្ដាលប្រជាជនកម្ពុជា និងជាអនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលតំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលោក យស ផានីត្តា ប្រធានផ្នែកបណ្តុះបណ្តាល នៃយុវជនគណបក្សថ្នាក់កណ្តាល កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ដោយមានការចូលរួមពីសមាជិក សមាជិកា កយគបក-កបទ.សអ សរុបប្រមាណ ៩០នាក់។
ក្នុងពិធីនេះដែរ គ្រូបង្គោលដែលមានជំនាញខ្ពស់របស់ផ្នែកបណ្តុះបណ្តាល នៃយុវជនគណបក្សថ្នាក់កណ្តាល បានចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ល្អៗ ជូនដល់សិក្ខាកាមដែលជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា កយគបក-កបទ.សអ លើប្រធានបទសំខាន់ៗស្តីពី «យុវជនឆ្ពោះទៅកាន់ការបោះឆ្នោត»។
ក្នុងឱកាសនោះលោក ស៊ាន បូរ៉ាត បានផ្តាំផ្ញើមតិសួរសុខទុក្ខពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងបានផ្តល់អនុសាសន៍សំខាន់ៗ ចំនួន៤ចំណុច សម្រាប់យុវជនគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមមាន៖
*ទី១៖ យុវជនដើម្បីគណបក្ស គណបក្សដើម្បីយុវជន
*ទី២៖ យុវជនត្រូវចងចាំក្នុងបេះដូងនូវសមិទ្ធផលរបស់គណបក្ស គឺការពារសន្តិភាព និងចូលរួមអភិវឌ្ឍ
*ទី៣៖ យុវជនត្រូវបន្តសកម្មភាពឆ្ពោះទៅរកការងារសហគមន៍
*ទី៤៖ យុវជនត្រូវចងចាំថាប្រទេសត្រូវការសន្តិភាព ស្ថាប័នត្រូវការសាមគ្គីភាព។ ម្យ៉ាងទៀត បេសកកម្មយុវជន គឺប្រែក្លាយសមាជិកបក្សឱ្យក្លាយជាសម្លេងគាំទ្រ សម្រាប់ថ្ងៃទី៥ មិថុនា ២០២២ ហើយកិច្ចការយើងនឹងផ្តល់ ជាធាតុផ្សំជួយដល់គណបក្សដើម្បីកសាងសមិទ្ធិផល និងថែរក្សាសមិទ្ធិផលជូនដល់អ្នកជំនាន់ក្រោយបន្តទៀត។
លោក សុខ សូកេន បានគូសបញ្ជាក់ថា ក្នុងរយៈពេលបួនទស្សវត្ស បន្ទាប់ពីបានទទួលជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ឬរបបកម្ពុជាប្រជាធិបតេយ្យ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់ចេញគោលនយោបាយត្រឹមត្រូវ និងអនុវត្តតាមយុទ្ធសាស្រ្តឈ្នះ-ឈ្នះ ដោយសម្រេចនូវសមិទ្ធផលសំខាន់ជាប្រវត្តិសាស្រ្ត យ៉ាងច្រើន ជាពិសេសសម្រេចបាននូវបុព្វហេតុធំៗចំនួន២ គឺទី១៖ សន្តិភាព និង២៖ ការអភិវឌ្ឍ។
ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សរបស់ប្រជាជនហ៊ានធ្វើពលិកម្មដោយឥតរួញរា ដើម្បីប្រជាជន និងប្រទេសជាតិមួយដែលមានឯករាជ្យភាព សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ ទន្ទឹមនេះ គណបក្សប្រជាជនកម្ពុជា បាននឹងកំពុងខិតខំ និងធានាការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាព និងស្ថេរភាព ទោះបីជាក្នុងតម្លៃណាក៏ដោយ។ ច្បាស់ណាស់ថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបន្តធានាទៅមុខទៀតអោយបាននូវបុព្វហេតុទាំង២ នេះ ជូនប្រជាជនកម្ពុជាយើង។
បន្ថែមពីនេះទៀត លោក សុខ សូកេន ក៏បានផ្តាំផ្ញើដល់សមាជិក សមាជិកា កយគបក-កបទ.សអ ថាយុវជនគណបក្សយើងគ្រប់ទីកន្លែង ត្រូវប្រកាន់ខ្ជាប់នូវវិន័យការងារ ក្រមសីលធម៌ និងបទបញ្ជាផ្ទៃក្នុងគណបក្ស ក្នុងការបំពេញបេសកកម្មការងារទាំងសម្រាប់ការងាររដ្ឋ និងការងារបក្ស។ ប្រទេសជាតិមួយត្រូវការសុខសន្តិភាពជាកត្តាចាំបាច់បំផុត រីឯអង្គភាពត្រូវការសាមគ្គីភាព។ ដូច្នេះ ក្នុងនាមជាយុវជនបក្សក្រសួងត្រូវធានា និងពង្រឹងឱ្យបាននូវសាមគ្គីភាព ឱ្យកាន់តែរឹងមាំ៕