(ឧត្តរមានជ័យ)៖ លោក ស ថាវី ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ រួមជាមួយក្រុមការងារនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ បាននាំអំណោយសង្រ្គោះបន្ទាន់របស់កាកបាទក្រហមកម្ពុជា យកទៅចែកជូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ៧៧គ្រួសារមកពី ៣ឃុំ ក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
លោក ស ថាវី បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរយកចិត្តទុកដាក់ ចំពោះសុខទុក្ខ និង ការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។
លោក ស ថាវី បន្តថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋនេះ ទោះបីតិចតួចក្តីតែវាអាចដោះស្រាយការខ្វះខាតរបស់ប្រជាពលរដ្ឋ បានមួយគ្រា។ លើសពីនេះ លោក ក៏បានធ្វើការផ្តាំផ្ញើឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ននៅពេលមានករណីខ្យល់កន្ត្រាក់។ លោក ស ថាវី បានសំដែងការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងកម្លាំងប្រដាប់អាវុធអាវុធទាំង៣ រួមជាមួយអជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានជួយប្រជាពលរដ្ឋទាន់ហេតុការណ៍ដោយមិនប្រកាន់និន្នាការនយោបាយ។
អំណោយ ដែលចែកជូននៅពេលនេះ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥ឝីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៉ីអ៉ីវ ១យួរ ភួយ១ មុង១ សារុង១ និងថវិកា ១០,០០០រៀល៕