(ភ្នំពេញ)៖ លោកយាយវ័យវ័យចំណាស់មួយរូប បាននាំយកខ្សែគោ និងក្រមាពីស្រុកខ្មែររហូតដល់អាមេរិក ដើម្បីជារង្វាន់ជូនចៅប្រុសក្នុងថ្ងៃបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាអាមេរិក។ ខ្សែគោ និងក្រមានេះ គឺជាមរតកអនុស្សាវរីយ៍របស់យុវជន ពេជ្រ មូន បានប្រើប្រាស់ជាប់ជាប្រចាំពេលគេនៅកុមារភាពលើដីជនបទក្នុងខេត្តកំពង់ឆ្នាំង។
យុវជន ពេជ្រ មូន បានបញ្ចប់ការសិក្សាប្រកបដោយមោទនភាពបំផុតពីបណ្ឌិតសភាយោធាអាមេរិក បន្ទាប់ពីបានប្រឹងប្រែងស្វាធ្យាយសិក្សាអស់រយៈពេល៤ឆ្នាំ។ ពិធីប្រគល់សញ្ញាបត្របានធ្វើឡើងយ៉ាងមហោឡារិកកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ ក្រោមអធិបតីភាពរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក។
សមិទ្ធផលបញ្ចប់ការសិក្សាពីសាលាយោធាលើដីអាមេរិកដែលជារឿងដ៏កម្រសម្រាប់យុវជនខ្មែរ ជារឿងមួយដែលនាំឱ្យមានការភ្ញាក់ផ្អើល និងស្ញប់ស្ញែងខ្លាំងណាស់ទៅហើយសម្រាប់យុវជន ពេជ្រ មូន។ ប៉ុន្តែសំណេរ និងរូបភាព រៀបរាប់ពីការនាំយកខ្សែគោ និងក្រមារបស់ជីដូន ពីស្រុកខ្មែរ រហូតដល់អាមេរិក ជូនយុវជន ពេជ្រ មូន បាននាំឱ្យមានការស្ញប់ស្ញែងកាន់តែខ្លាំងថែមទៀត។
សំណេរ និងរូបភាពនេះ បាននាំឱ្យមានការចែកចាយយ៉ាងច្រើនលើបណ្តាញសង្គមហ្វេសប៊ុក។ យុវជន ពេជ្រ មូន បានរៀបរាប់ឱ្យដឹងថា ក្រមា និងខ្សែគោ ដែលជាមរតកអនុស្សាវរីយ៍ប្រើប្រាស់ពេលកុមារភាពនេះ ត្រូវបានជីដូនរក្សា១០ ឆ្នាំហើយ។
យុវជនបញ្ចប់ការសិក្សាពីសាលាយោធារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំតែងប្រើវាសម្រាប់ជាថ្នក់ដាក់បាយ ទឹក និងសៀវភៅនៅពេលទៅឃ្វាលគោពេលរស់នៅឯស្រុកកំណើត។ ភាគច្រើននៅក្នុងថ្នក់បាយ មានតែបាយ និងអំបិល ដែលលោកយាយខ្ចប់ឱ្យប៉ុណ្ណោះ។ ពេលនេះលោកយាយ បានយកខ្សែគោ និងក្រមាចាស់នេះ ធ្វើជាកាដូសម្រាប់ថ្ងៃបញ្ចប់ការសិក្សារបស់ខ្ញុំពីបណ្ឌិតសភាយោធាអាមេរិក»។
យុវជន ពេជ្រ មូន បានលើកបង្ហាញនូវការបញ្ជាក់របស់ជីដូនខ្លួនថា ខ្សែគោ និងក្រមានេះ ត្រូវបានជីដូនរក្សាទុក ហើយកមកមើលនៅពេលនឹកចៅ។ នៅពេលប្រគល់ខ្សែគោ និងក្រមាជូនថ្ងៃទទួលសញ្ញាបត្របញ្ចប់ការសិក្សាលោកយាយ បានផ្តាំទៅចៅកុំឱ្យភ្លេចកំណើតជាក្មេងឃ្វាលគោ។
«គាត់បានប្រាប់ខ្ញុំថាគាត់រក្សាទុក ព្រោះពេលនឹកចៅម្ដងៗ យាយយកវាមកមើលដើម្បីកុំអោយនឹកចៅពេក។ លោកយាយបន្តទៀតថា ពេលនេះយាយប្រគល់វាឱ្យចៅវិញហើយ ទោះទៅដល់ទីណាសូមចៅកុំភ្លេចកំណើតរបស់ខ្លួនដែលធ្លាប់ជាក្មេងឃ្វាលគោឱ្យសោះ»។
ពេជ្រ មូន បានរៀបរាប់ថា រូបគេស្ទើរស្រក់ទឹកភ្នែក ពេលឮប្រសាសន៍អ្នកមានគុណដែលបីបាច់ថែរក្សា តាំងពីទើបនឹងកើត រហូតធំពេញវ័យ។ ពេជ្រ មូន ចាត់ទុករង្វាន់ខ្សែគោ និងក្រមានេះ ជាកាដូដ៏មានតម្លៃបំផុតក្នុងជីវិតរបស់គេ។
សូមបញ្ជាក់ថា យុវជន ពេជ្រ មូន ជាកូនកសិកររស់នៅភូមិគ្រួស ឃុំរលាប្អៀ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។ រូបគេទទួលបានអាហារូបករណ៍ទៅសិក្សានៅសាលាបណ្ឌិតសភាយោធាអាមេរិក រយៈពេល៤ឆ្នាំ ហើយទើបបញ្ចប់ការសិក្សានៅក្នុងឆ្នាំ២០២២នេះ។
ពេជ្រ មូន បានចាប់យកជំនាញផ្នែកគណិតវិទ្យា និងការសាវជ្រាវនៅលំហរអាកាស ហើយក៏បានទទួលបានជំនាញបើកយន្តហោះផងដែរ។ ពេជ្រ មូន បានបញ្ជាក់ថា ការសិក្សានៅអាមេរិក គឺជាក្តីស្រមៃមួយរបស់គេ កើតចេញពីការអានសៀវភៅពេលទៅឃ្វាលគោ ដោយបានអានពាក់ព័ន្ធជីវិតមេបញ្ជាការអាមេរិកមួយរូប ដែលបំពេញបេសកកម្មក្នុងសង្គ្រាមលោកលើកទី២ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ មេបញ្ជាការយោធាអាមេរិករូបនោះ បានបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាអាមេរិក។
រឿងរ៉ាវរបស់មេបញ្ជាការយោធាអាមេរិករូបនេះហើយ ដែលជំរុញឱ្យយុវជន ពេជ្រ មូន ចិញ្ចឹមមហិច្ឆតា និងការប៉ុនប៉ងដ៏ជ្រាលជ្រៅក្នុងការចូលសាលាបណ្ឌិតសភាយោធាអាមេរិក។
មុនទទួលបានអាហារូបករណ៍នៅសាលាបណ្ឌិតសភាយោធាអាមេរិក ពេជ្រ មូន ក៏បានបញ្ចប់ការសិក្សាផ្នែកវេជ្ជសាស្ត្រ និងថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីកម្ពុជាផងដែរ។ ពេជ្រ មូន ជាយុវជនម្នាក់ដែលបានតស៊ូយ៉ាងខ្លាំងក្នុងការសិក្សារៀនសូត្រ។ ព្រោះតែជីវភាពគ្រួសារក្រលំបាក ពេលឡើងមកសិក្សានៅភ្នំពេញ គេធ្លាប់បានផ្ញើជីវិតតាមសំយ៉ាបផ្ទះរបស់គេ និងរើសអាហារពីធុងសំរាមបរិភោគក៏មាន។
យុវជន ពេជ្រ មូន មានរឿងឈឺចាប់ក្នុងចិត្តមួយទៀត នៅពេលធ្វើជាអ្នកបម្រើនៅតាមភោជនីយដ្ឋាន រូបគេត្រូវបានមន្ត្រីយោធាស័ក្តិខ្ពស់មួយរូប យកដបស្រាវាយក្បាល ព្រោះតែគេបដិសេធជំនូនស្រាមួយកែវពីមន្ត្រីយោធារូបនោះ។ នឹកដល់រឿងនេះ យុវជន ពេជ្រ មូន បានទទូចដល់អ្នកមានយសស័ក្តិខ្ពស់ផ្តល់តម្លៃដល់មនុស្សដែលក្រខ្សត់ មនុស្សតូចទៀបជាងខ្លួន ក្នុងមានជាមនុស្សជាតិដូចគ្នា៕
ជាផ្ទះរបស់យុវជន ពេជ្រ មូន នៅស្រុកកំណើត ភូមិគ្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង