(រតនគិរី)៖ តបតាមការអញ្ជើញរបស់អភិបាលខេត្តចំប៉ាសាក់ និងខេត្តអត្តពឺ ប្រទេសឡាវ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ គណៈប្រតិភូថ្នាក់ដឹកនាំខេត្តចំនួន៣រួមមាន ខេត្តស្ទឹងត្រែង,ខេត្តរតនគិរី និងខេត្តព្រះវិហារ បានអញ្ជើញចូលរួមទ្វេភាគីខេត្តដែលជាប់ជាមួយឡាវ លើកិច្ចការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលធ្វើឡើងនៅស្រុកខូង ខេត្តចំប៉ាសាក់ ក្រោមអធិបតីភាពលោក ផនខាំ វីផាវ៉ាន នាយករដ្ឋមន្ត្រីឡាវ។
គណៈប្រតិភូខេត្តស្ទឹងត្រែង ដឹកនាំដោយលោក ស្វាយ សំអ៊ាង អភិបាលខេត្ត, ខេត្តរតនគិរីដឹកនាំដោយលោក ញ៉ែម សំអឿន អភិបាលខេត្ត និងខេត្តព្រះវិហារដឹកនាំដោយលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត។
នៅក្នុងកិច្ចប្រជុំនោះលោក ផនខាំ វីផាវ៉ាន បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់ជូននូវវ៉ាក់សាំងការពារជំងឺកូវីដ រថយន្ត និងថវិកា ជូនប្រជាជនឡាវ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដក្នុងប្រទេសរបស់លោក។
លោក ផនខាំ វីផាវ៉ាន បានបង្ហាញនូវភាពស្និទ្ធស្នាល ដែលស្តែងចេញពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងរាក់ទាក់បំផុតរវាងប្រទេសទាំងពីរ ក៏ដូចរវាងខេត្តដែលជាប់ព្រំដែនជាមួយគ្នា ក្នុងការលើកកម្ពស់ទំនាក់ទំនងការងារជាប់ព្រំដែន ជាមួយគ្នា ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-ឡាវ ដល់កំរិតជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង គោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព ស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ-សន្តិសុខសេដ្ឋកិច្ច និងសង្គម-វប្បធ៌ម។
ជាការឆ្លើយតបនឹងយុទ្ធសាស្រ្តរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើយ៉ាងណាឲ្យខ្សែបន្ទាត់ព្រំដែនមានសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនោះ នាយករដ្ឋមន្រ្តីឡាវ បានជំរុញដល់ខេត្តចំប៉ាសាក់ និងអត្តពឺ ដែលជាប់ជាមួយខេត្តរបស់ប្រទេសកម្ពុជា ត្រូវរួមសហការគ្នាជាមួយខេត្តស្ទឹងត្រែង, ខេត្តរតនគិរី និងខេត្តព្រះវិហារ ធ្វើយ៉ាងណា ត្រូវកសាងឲ្យបាននូវការពង្រីកចំណងមិត្តភាព ស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្ត និងខេត្ត ដែលជាភូមិផងរបងជាមួយគ្នា។
លើសពីនេះទៀតភាគីទាំងពីរ បានឯកភាពឲ្យខេត្តជាប់ព្រំដែន ធ្វើការជួបប្រជុំ និងពិគ្រោះយោបល់គ្នាជាប្រចាំ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមកលើគ្រប់វិស័យដែលបម្រើផលប្រយោជន៍ទៅវិញទៅមក៕