(កំពង់ស្ពឺ)៖ ថ្លែងនៅក្នុងពិធីហែលើកទី២ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅក្នុងឃុំកាត់ភ្លុក និងឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ លោកបណ្ឌិត ហេង សុខគង់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបសេដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសមាជិក សមាជិកា ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនីយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងឃុំដែលបានចំណាយពេលវេលា និងធនធានផ្ទាល់ខ្លួនអញ្ជើញមកចូលរួមហែក្បួនសម្រាប់យុទ្ធនាការរកសម្លេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅក្នុងឃុំទាំងពីរ។
លោកបានអះអាងថា ទាំងអស់នេះជាការសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់នូវការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាលើគ្រប់វិស័យ ជាពិសេសគឺការធានាបាននូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍឥតឈប់ឈរ សម្រាប់ប្រជាជន និងប្រជាជាតិទាំងមូល កម្រិតជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាជនយើងកាន់តែល្អប្រសើរ ប្រាក់ខែកម្មករ កម្មការិនីបានឡើងជាបន្តបន្ទាប់ទោះបីក្នុងដំណាក់កាលនៃការរីករាលត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ។
ក្រៅពីស្នាដៃ និងមហាគុណូបការ:ដែលមិនអាចកាត់ថ្លៃបាន នៃការរំដោះប្រជាជនឲ្យរួចពីរណ្តៅមរណៈ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ពីរបបប្រល័យពូជសាសន៍ប៉ុលពត ក៏ដូចជាក្រោមយុទ្ធសាស្រ្តឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការស្វែងរកនូវសុខសន្តិភាពពេញលេញជូនជាតិ មាតុភូមិ ដែលធ្វើឲ្យខ្មែរបានមូលពូជពង្សវង្សត្រកូលខ្មែរ លើទឹកដីខ្មែរតែមួយដែលមិនធ្លាប់មានក្នុងរយៈកាល៥០០ឆ្នាំ នៃប្រវត្តិសាស្រ្ត និងនៅដំណាក់កាលដ៏មហាវិនាសកម្ម នៃការរីករាតត្បាតជំងឺកូវីដ-១៩ ដែលមានប្រជាជនជាង៥៣១លាននាក់លើពិភពលោកបានឆ្លងវីរុសដ៏សាហាវនេះ។
ក្នុងនោះមានមនុស្សជាង៦លាននាក់បានស្លាប់ ហើយវីរុសនេះក៏នៅតែជាហានិភ័យយ៉ាងធំធេងសម្រាប់សាកលលោកនៅឡើយនោះ ដោយឡែកនៅកម្ពុជាឯណេះវិញក្រោមចក្ខុវិស័យ និងគតិបណ្ឌិតរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសក្រោមយុទ្ធសាស្រ្តផ្ការីករបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានលឿន រហ័ស ប្រកបដោយប្រសិទ្ធភាពដោយបង្កើត បាននូវភាពស៊ាំសហគមន៍យ៉ាងរឹងមាំ បានធ្វើឲ្យកម្ពុជាអាចបើកសង្គម និងសេដ្ឋកិច្ចបានពេញលេញ ឈានឆ្ពោះទៅរស់នៅបានជាមួយកូវីដ-១៩ បានទាំងស្រុងដោយមិនមានអត្រាឆ្លង ឬស្លាប់ក្នុងរយ:ពេលជាង២០ថ្ងៃមកនេះ និងត្រូវបានសារព័ត៌មានលំដាប់ពិភពលោក NIKKEI Asia វាយតម្លៃ និងចាត់ទុកកម្ពុជាជាប្រទេស ដែលមានចំណាត់ថ្នាក់លេខ២ លើពិភពលោកក្នុងការអាចរស់នៅ និងគ្រប់គ្រងលើជំងឺកូវីដ-១៩នេះបានល្អជាងគេ។
លោកបណ្ឌិត ហេង សុខគង់ បានបន្ដថា នេះគ្រាន់តែជាឧទាហរណ៍ជាក់ស្តែងមួយចំនួនប៉ុណ្ណោះ ដែលគណបក្សយើងបានធ្វើកន្លងមក តែយើងនៅធ្វើច្រើនជាងនេះឆ្ងាយណាស់ ហើយនៅតែបន្តធ្វើដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជន និងប្រជាជាតិយើងទាំងមូល។ ដូច្នេះការចូលរួមចំណែកគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារបស់មហាជនគ្រប់ស្រទាប់វណ្ណៈ ក៏ដូចជាកម្មករ កម្មការិនីទាំងអស់ គឺដើម្បីធានាបាននូវសុខសន្តិភាព និងការរីកចម្រើនរបស់បងប្អូន ហើយក៏ជាការលើកទឹកចិត្តបន្ថែមទៀតដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់របស់គណបក្សក្នុងការបម្រើប្រជាជនឱ្យបានកាន់តែល្អប្រសើរថែមទៀត។
សូមបញ្ជាក់ថា ក្នុងពិធីហែលើកទី២ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅក្នុងឃុំកាត់ភ្លុក និងឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក៏មានការអញ្ជើញចូលរួមដឹកនាំពីសំណាក់ លោកវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ ប្រធានក្រុមការងារគណបក្សចុះជួយឃុំកាត់ភ្លុក, លោក លី ចាន់សុភក្តី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំភក្តី, ឧកញ៉ា កែវ មុំ, លោក មិត្ត ឆៃយុត្តិ, ឧកញ៉ា ស៊ុន ប៊ុនហេង និងក្រុមការងារ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សឃុំ គណៈកម្មាធិការសាខាបក្ស អនុសាខាបក្សឃុំ សាខាបក្សភូមិ សមាជិក សមាជិកា មហាជន យុវជន និងកម្មករ កម្មការិនី សរុបប្រមាណជាង៦៥៧នាក់ ស្រី៤២៣នាក់ មានរថយន្តចូលរួមចំនួន៦៩គ្រឿង និងម៉ូតូ ១០៨គ្រឿង។ ក្នុងពិធីនោះក៏មានការប្រគុំតន្ត្រី ដើម្បីអបអរសាទរដល់ការដង្ហែក្បួនដោយមានតារាចម្រៀងមកពីរាជធានីភ្នំពេញចូលរួមផងដែរ៕