(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ និងក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឆ្លងកាត់បទពិសោធន៍ ជាក់ស្តែងទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ហើយមានការប្តេជ្ញាចិត្ត និងទំនុកចិត្តខ្ពស់បំផុតចូលរួមបម្រើប្រជាពលរដ្ឋរស់នៅក្នុងសន្តិភាព និងមានជីវភាពល្អប្រសើរ។
ការលើកឡើងបែបនេះរបស់លោក អ៊ាង សុផល្លែត បានធ្វើឡើងក្នុងឱកាសដែលលោករួមជាមួយគណបក្សមូលដ្ឋានបេក្ខជនក្រុមប្រឹក្សាឃុំ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិមួយចំនួន នៅក្នុងឃុំចក ឃុំទួលសូភី និងឃុំគងជ័យ ស្រុកអូររាំងឪ នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០២២ នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
លោកបានបន្ថែមថា «កន្លងមកអ្នកស្រុកអូររាំងឪផ្ទាល់ បានមានការយល់ដឹងច្បាស់ពីសមិទ្ធផលជាប្រវត្តិសាស្រ្ត នៃគណបក្សប្រជាជនកម្ពុជាបាននាំជូនជាតិ និងប្រជាជនកម្ពុជា ជាពិសេសបានស្គាល់ច្បាស់អំពីការអភិវឌ្ឍរីកចម្រើន ជាក់ស្តែងនៅក្នុងមូលដ្ឋានរបស់ខ្លួន»។
នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដែលជាថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់, លោកបានសំណូមពរដល់ប្រជាពលរដ្ឋបន្តរួមរស់នៅក្នុងភាពកក់ក្តៅ បន្តជឿទុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋានដូចដែលបានធ្វើកន្លងមក ហើយក៏នឹងខិតខំបន្តជំរុញប្រសិទ្ធភាពការងារទៅមុខទៀត៕