(ភ្នំពេញ)៖ លោកមេធាវី ឡៅ លីហេង ជាមេធាវីតំណាងដោយអាណត្តិឲ្យឈ្មោះ សៅ សាឡុង បានចេញលិខិតជូនដំណឹងជាលើកទី២ ដល់លោក ផល សុខសាន្ត ដែលពីមុននៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានគណនីហ្វេសប៊ុក Phal Soksan ឲ្យចូលខ្លួនដើម្បីដោះស្រាយបំណុលជាប្រាក់ដើមសរុបចំនួន ២៣ ០០០ (ពីរម៉ឺនបីពាន់ដុល្លាអាមេរិក) ដោយមិនគិតការប្រាក់ដល់សព្វថ្ងៃ។
លិខិតរបស់លោក មេធាវី ឡៅ លីហេង បានលើកឡើងថា «ខ្ញុំ ឡៅ លីហេង ជាមេធាវីតំណាងដោយអាណត្តិឲ្យលោក សៅ សាឡុង សូមជូនដំណឹងជាលើកទី២ចំពោះ លោក ផល សុខសាន្ត ឲ្យចូលខ្លួនដើម្បីដោះស្រាយបំណុលជាប្រាក់ដើមសរុបចំនួន ២៣.០០០ (ពីរម៉ឺនបីពាន់ដុល្លារអាមេរិក) ដោយមិនទាន់គិតការប្រាក់ដល់សព្វថ្ងៃ ជាមួយអ្នកតំណាងម្ចាស់បំណុលជាបន្ទាន់ ខ្ញុំទទួលបានលិខិតទទួលស្គាល់បំណុលក្រៅផ្លូវការរបស់លោក និងការស្នើពន្យារពេលត្រឹមថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ ក្នុងការផ្តល់ព័ត៌មានធនាគារអំពីទឹកប្រាក់ចេញចូលលើចំនួនទឹកប្រាក់ ដែលលោកសម្មតថាមានការច្រឡំ ប៉ុន្តែមកដល់ថ្ងៃកំណត់លោកនៅតែបន្តគេចវេសមិនគោរពតាមពាក្យសន្យា និងមិនលើកទូរស័ព្ទ ឬ ឆ្លើយតបណាមួយឡើយ។ ហេតុដូចនេះ សូមលោកចូលខ្លួនមកដោះស្រាយជាមួយម្ចាស់បំណុល ឬអ្នកតំណាងម្ចាស់បំណុលក្នុងរយៈពេល ០៧ (ប្រាំពីរ)ថ្ងៃជាកំហិតចាប់ពីថ្ងៃជូនដំណឹងជាសាធារណៈជាលើកទីពីរនេះ»។
លោកមេធាវីបញ្ជាក់ទៀតថា កូនក្ដីរបស់លោករក្សាសិទ្ធិក្នុងការចាត់វិធានការណ៍ច្បាប់ប្តឹង ទៅអាជ្ញាធរសមត្ថកិច្ច និងតុលាការ ប្រសិនបើលោក ផល សុខសាន្ត នៅតែបន្តគេចវេសពុំព្រមចូលខ្លួនមកដោះស្រាយជាមួយម្ចាស់បំណុល ឬអ្នកតំណាងម្ចាស់បំណុលតាមការកំណត់ខាងលើ ដោយគ្មានការជូនដំណឹងជាថ្មីម្តងទៀតនោះទេ៕