Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិក ព្រមបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចលើមីយ៉ាន់ម៉ា ដែលខ្លួនបានដាក់ជាង ៥០ឆ្នាំមកនេះ

18-05-2016 12:08

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចដែលបានដាក់ ទៅលើប្រទេសមីយ៉ាន់ម៉ា អស់រយៈកាលជាង ៥០ឆ្នាំមកនេះ ដើម្បីឆ្លើយតបនឹងរដ្ឋាភិបាលស៊ីវិលថ្មី ដែលទើបឡើងកាន់អំណាច ដោយដើរតាមគន្លងមួយទៅរកលទ្ធិប្រជាធិបតេយ្យយ៉ាងពេញលេញ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ Channel News Asia នារសៀលថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០១៦។

អនុរដ្ឋមន្ត្រីក្រសួងរតនាគារជាតិអាមេរិកលោក Adam Szubin បានថ្លែងបន្តទៀតថា ការផ្ទេរអំណាច ទៅកាន់រដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា ដែលដឹកនាំដោយគណបក្សឈ្នះឆ្នោតរបស់លោកស្រី អោងសាន ស៊ូជី នោះគឺជាលទ្ធផលប្រវត្តិសាស្ត្រដ៏ធំធេង។ លោក Adam បញ្ជាក់ដូច្នេះថា «ការសម្រេចរបស់យើងថ្ងៃនេះ បានបង្ហាញអំពីការគាំទ្រយ៉ាងខ្លាំងក្លា ទៅលើដំណើរការវិវឌ្ឍ ផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ា»។

គួរបញ្ជាក់ថា ការដកទណ្ឌកម្មផ្នែកសេដ្ឋកិច្ចមួយចំនួនខាងលើនេះ នឹងអាចទាក់ទាញអ្នកវិនិយោគ អាមេរិក មកបណ្តាក់ទុនរកស៊ីនៅមីយ៉ាន់ម៉ាកាន់តែច្រើន។ ធនាគារមីយ៉ាន់ម៉ាធំៗចំនួនបី បានរួចផុត ពីបញ្ជីខ្មៅ ហើយអ្នកនយោបាយមួយចំនួនរបស់ភូមា ក៏ត្រូវដកឈ្មោះចេញដូចគ្នាដែរ៕