(កំពត)៖ លោក នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះ មូលដ្ឋានក្រុងបូកគោ បានលើកឡើងថា គោលនយោបាយ និងភាពជាអ្នកដឹកនាំពិតប្រាកដរបស់គណបក្សប្រជាជនកម្ពុជា គឺជាទំនុកចិត្តដ៏រឹងមាំរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។
នាថ្ងៃទី៩ នៃយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ លោក នេត្រ ភក្ត្រា បានបន្តដឹកនាំក្រុមការងារ និងបេក្ខភាពនៃសមាជិកក្រុមប្រឹក្សាសង្កាត់កោះតូច ក្រុងបូកគោ ចុះឃោសនារកសំឡេងឆ្នោតតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយអភិវឌ្ឍឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ របស់គណបក្សប្រជាជនកម្ពុជា។
ពេលនោះហើយដែលលោកថ្លែងប្រាប់ប្រជាពលរដ្ឋពីគោលនយោបាយរបស់គណបក្សប្រជាជន ជាបក្សដែលតែងមានចក្ខុវិស័យត្រឹមត្រូវច្បាស់លាស់ក្នុងការបម្រើប្រជាពលរដ្ឋ និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ និងខិតខំប្រឹងប្រែងក្នុងការបម្រើប្រជាពលរដ្ឋស្របតាមគោលនយោបាយដែលបានដាក់ចុះ ហើយគោលនយោបាយនេះបានផ្តល់លទ្ធផលជាវិជ្ជមានក្នុងដំណើរការអភិវឌ្ឍឃុំ-សង្កាត់ និងទទួលបានការអបអរសាទរពីប្រជាពលរដ្ឋ។
លោកអនុប្រធានបានថ្លែងថា គោលនយោបាយគណបក្សប្រជាជនកម្ពុជាជាគោលនយោបាយប្រាកដនិយម មិនមែនជាគោលនយោបាយស្រមើស្រមៃ ឬសន្យាខ្យល់នោះឡើយ។
លោកបានលើកឡើងថា លទ្ធផលជាក់ស្តែងបានបង្ហាញយ៉ាងច្បាស់ថាគោលនយោបាយដាក់ចុះមានភាពត្រឹមត្រូវ និងបានផ្តល់ផលប្រយោជន៍ពិតប្រាកដជូនដល់ប្រជាពលរដ្ឋ និងធ្វើឱ្យការគ្រប់គ្រងអភិវឌ្ឍឃុំ-សង្កាត់នៅទូទាំងប្រទេសមានការរីកចម្រើនជាលំដាប់។ ដោយសារតែគោលនយោបាយដ៏ត្រឹមត្រូវនេះហើយ ទើបប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលុបជាម្ចាស់ឆ្នោតបានគាំទ្រ និងបោះឆ្នោតគាំទ្រគ្រប់ពេលបោះឆ្នោតទាំងអស់ដែលអនុញ្ញាតឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោត ឈានទៅមានលទ្ធភាពពេញលេញក្នុងការបម្រើប្រជាពលរដ្ឋ និងការពារថែរក្សាសុខសន្តិភាព និងអភិវឌ្ឍប្រទេសជាតិ។
ជាមួយគ្នានោះ លោក នេត្រ ភក្ត្រា បានជម្រាបជូនប្រជាពលរដ្ឋពីសមិទ្ធផលនានាដែលគណបក្សប្រជាជនកម្ពុជាបានសម្រេចក្នុងកសាងស្ថាបនាជាតិ និងប្រជាជនចាប់តាំងពីថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ នាំយកសុខសន្តិភាពពេញលេញ ក្រោមការអនុវត្តនយោបាយឈ្នះ-ឈ្នះដែលដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន។ ដោយសារតែកត្តាសុខសន្តិភាពពេញលេញនេះហើយ ទើបកម្ពុជាមានឱកាសគ្រប់គ្រាន់ដើម្បីកសាងប្រទេសឱ្យមានការរីកចម្រើនអភិវឌ្ឍ មានកំណើនសេដ្ឋកិច្ចកើនឡើងក្នុងរង្វង់៧%ក្នុងមួយឆ្នាំ នារយៈពេល២០ឆ្នាំជាប់ៗគ្នានេះ បានធ្វើឱ្យជីវភាពប្រជាពលរដ្ឋកើនឡើង និងកាន់តែមានភាពប្រសើរ ព្រមទាំងបានកសាងកម្ពុជាមួយដែលរឹងមាំមានកិត្យានុភាពជាតិខ្ពង់ខ្ពង់ ស្មើសិទ្ធិស្មើភាពជាមួយបណ្តាប្រទេសនានានៅលើសកលលោក។
លោកថា ចុងក្រោយនេះ កម្ពុជាដែលពិភពលោកប្រសិទ្ធនាមថា «ប្រទេសតូចពិត តែបេះដូងទូលាយ» បានកសាងខឿនការពារសុខមាលភាពសម្រាប់ប្រជាពលរដ្ឋខ្លួន តាមរយៈការអនុវត្តនយោបាយវ៉ាក់សាំងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លើពិភពលោកលើការចាក់វ៉ាក់សាំងជូនពលរដ្ឋបានច្រើនជាងគេ។ គួរកត់សម្គាល់ដែរថា រយៈពេលជិត២០ថ្ងៃជាប់គ្នានេះ នៅទូទៅប្រទេសកម្ពុជាគ្មានការឆ្លងជំងឺកូវីដ១៩នោះឡើយ។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះគឺកើតចេញពីភាពជាអ្នកដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសភាពជាអ្នកដឹកនាំពិតប្រាកដរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាគណបក្សប្រជាជនកម្ពុជា ដែលទទួលបាននូវសេចក្តីទុកចិត្តដ៏រឹងមាំពីពលរដ្ឋម្ចាស់ឆ្នោត។
អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោរូបនេះបានជម្រាបជូនប្រជាពលរដ្ឋទៀតថា ការជ្រើសរើសគណបក្សដែលខ្លួនស្រឡាញ់ សូម
កុំជ្រើសរើសទៅតាមអារម្មណ៍របស់ខ្លួន ប៉ុន្តែត្រូវជ្រើសរើសទៅតាមគោលនយោបាយ និងភាពជាអ្នកដឹកនាំពិតប្រាកដរបស់ថ្នាក់ដឹកនាំនៃគណបក្សនីមួយៗនោះ បន្ថែមពីលើប្រវត្តិចលនាគណបក្ស។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕