(កំពង់ឆ្នាំង)៖ លោកបណ្ឌិត សឹង សំណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២នេះ បានចុះផ្សព្វផ្សាយសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក្នុងការកាត់ឆ្វៀលដីនៅតំបន់អភិរក្សជុំវិញទន្លេសាប ជូនដល់ប្រជាពលរដ្ឋដែលអាស្រ័យផលយូរឆ្នាំ។
ការផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋនៅសង្កាត់ច្រឡូក សង្កាត់ត្រងិល និងសង្កាត់ពោធិ៍ ដោយមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ លោកបណ្ឌិត សឹង សំណាង បានថ្លែងថា ការសម្រេចកាត់ឆ្វៀលដីនៅតំបន់អភិរក្សាជុំវិញបឹងទន្លេសាប ជូនពលរដ្ឋដែលអាស្រ័យផលយូរឆ្នាំ គឺជាការបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ និងគិតគូរខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រមុខគណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៧ ខែឧសភា បានចេញសេចក្តីសម្រេចឱ្យកាត់ឆ្វៀលដីអភិរក្សជុំវិញបឹងទន្លេសាប ដែលជាដីតំបន់២ និងតំបន់៣ ឱ្យប្រជាពលរដ្ឋកាន់កាប់ជាកម្មសិទ្ធិ និងបង្កបង្កើនផល សម្រាប់ដីដែលប្រជាពលរដ្ឋកាន់កាប់អាស្រ័យផលយូរឆ្នាំ។
ប្រជាពលរដ្ឋអញ្ជើញចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយនូវសេចក្តីសម្រេចរបស់សម្តេចតេជោ បានសម្តែងនូវក្តីរីករាយជាពន់ពេក និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានសម្រេចដោយតម្កល់នូវសេចក្តីត្រូវការ និងគិតគូរដល់ប្រជាពលរដ្ឋជាសំខាន់។
ទន្ទឹមនឹងការបង្ហាញនូវក្តីរីករាយ ពួកគេក៏បានសម្តែងនូវការពេញចិត្តចំពោះការដឹកនាំរបស់សម្តេចតេជោ ហើយសន្យាបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសគណបក្សប្រជាជនកម្ពុជាដឹកនាំនៅមូលដ្ឋាន និងថ្នាក់ជាតិឱ្យកាន់តែរីកចម្រើនទៅមុខបន្តទៀត៕