Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការកោះហៅ លោក កឹម សុខា ចូលបំភ្លឺជាលើកទី២ ពាក់ព័ន្ធអំពើសញ្ចារកម្ម

18-05-2016 11:45

(ភ្នំពេញ)៖ ព្រះរាជអាជ្ញារងអមសាលដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានកោះហៅលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ជាលើកទី២ ឲ្យចូលទៅបំភ្លឺលើដំណើររឿងពាក់ព័ន្ធនឹងអំពើសញ្ចារកម្ម នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ៩៖០០នាទីព្រឹក។

យោងតាមដីការថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ លោក សៀង សុខ បានរំលឹកឲ្យលោក កឹម សុខា ត្រូវចូលតាមដីកាកោះឲ្យបានទាន់ពេលវេលា។

សាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានចេញដីកាកោះហៅលោក កឹម សុខា ម្តងរួចមកហើយកាលពីថ្ងៃទី០៦ ខែឧសភា ឲ្យចូលទៅបំភ្លឺលើសំណុំរឿងសញ្ចារកម្មនៅថ្ងៃទី១៧ ខែឧសភា ម្សិលមិញនេះ តែលោក កឹម សុខា មិនបានចូលខ្លួនតាមដីកាកោះនេះឡើយ។

សូមបញ្ជាក់ថា ការកោះហៅលោក កឹម សុខា ធ្វើឡើងតាមពាក្យបណ្តឹងរបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលអះអាងថា នាងមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា។ ស្រីមុំ បានលើកឡើងក្នុងលិខិតចំហរថា លោក កឹម សុខា បានធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូរ កិត្តិយសផងដែរ។ ស្រីមុំ បានប្តឹងទាមទារសំណងជំងឺចិត្តប្រមាណ ៣០ម៉ឺនដុល្លារ ពីលោក កឹម សុខា និងអ្នកពាក់ព័ន្ធមួយចំនួន៕