(កំពង់ធំ)៖ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ជូនប្រជាពលរដ្ឋ ក៏ដូចជាចូលរួមទប់ស្កាត់ រាល់មុខទំនិញ និងម្ហូបអាហារ ដែលដាក់លក់ខូចគុណភាព និងហួសកាលបរិច្ឆេទ នៅលើទីផ្សារនោះ មន្រ្ដីកាំកុងត្រូល សាខាខេត្តកំពង់ធំ ដឹកនាំដោយលោក លៀង សុភា នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ បានសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យ ផ្សារតាំងគោក ស្រុកបារាយណ៍ ខេត្តកំពងធំ ។
លោក លៀង សុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំបានឲ្យដឹង គោលបំណង នៃការចុះត្រួតពិនិត្យទំនិញ នៅលើទីផ្សារនេះ មន្រ្ដីជំនាញបានយកចិត្តទុកដាក់ ទៅលើផលិតផល ទំនិញម្ហូបអាហារ ភេសជ្ជៈ គ្រឿងឧបភាគបរិភោគ បន្លែ ផ្លែឈើ ដែលអាជីវករ កំពុងដាក់តាំងលក់ នៅតាមតូប ដើម្បីទទួលបាននូវ ម្ហូបអាហារ ប្រកបដោយសុវត្ថិភាព និងមិនប៉ះ ពាល់ដល់សុខភាព។
លោក លៀង សុភា បានអះអាងថា តាមរយៈការចុះត្រួតពិនិត្យ នៅទីផ្សារតាំងគោកនេះ កម្លាំងរបស់លោក បានរកឃើញទំនិញ ខូចគុណ ដូចជា ទឹក្រូច ៣លីត្រ ម៉ាក Big coca ៩កំប៉ុង ហួសកាលបរិច្ឆេទ ខូចគុណភាព, ទឹកត្រចៀកកាំ ម៉ាក Bidrico ២កំប៉ុង ខូចគុណភាព មីម៉ាម៉ា ចំនួន៤កំប៉ុង ខូចគុណភាព, ទឹកសណ្តែកម៉ាក Lactasoy ៦កំប៉ុងតូច ក្រោយពីរកឃើញទំនិញ ខូចគុណភាពទាំងអស់នោះ កម្លាំងរបស់លោក រឹបអូសយកមករក្សាទុក ដើម្បីធ្វើការដុតកំទេចចោល នាពេលខាងមុខ។
លោក លៀង សុភា បានឱ្យដឹងទៀតថា ការចុះពិនិត្យនេះ គឺមន្រ្តីជំនាញបានធ្វើការ ចុះត្រួតពិនិត្យជាប្រចាំ ទៅតាមការណែនាំពីលោកអគ្គនាយកកាំកុងត្រូល ដើម្បីទប់ស្កាត់ ឱ្យបានទាន់ពេលវេលា នូវការធ្វើចរាចរចែកចាយ លក់ដូរផលិតផល ម្ហូបអាហារ គ្មានអនាម័យ ទំនិញខូចគុណភាព។
ជាមួយគ្នានេះ លោកប្រធានសាខាក៏បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរ ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ឱ្យបានហ្មត់ចត់ មុននឹងធ្វើចរាចរ ចែកចាយ លក់ដូរ និងទិញទំនិញ ម្ហូបអាហារ ទទួលទាន ដោយសុវត្ថិភាព មិនប៉ះពាល់សុខភាព អ្នកប្រើប្រាស់ ៕