(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស ម៉ាឌួរ៉ូ (Nicolas Maduro) បាន ប្រកាសថ្កោលទោសចំពោះ "ភាពគគ្លើនជាប្រព័ន្ធ" ផ្នែកនយោបាយ ហើយនិងបញ្ហាការទូតនានា ដែលត្រូវបានគេយកធ្វើជាឈ្នាន់ ដើម្បីឈានទៅរកការធ្វើអន្តរាគមន៍ដោយយោធា មកលើប្រទេសអាមេរិកខាងត្បូងមួយនេះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០១៦។

នៅថ្ងៃអង្គារ សប្តាហ៍នេះលោកប្រធានាធិបតីវេណេស៊ុយអេឡា បានអញ្ជើញក្រុមអ្នកសារព័ត៌មាន បរទេសទាំងអស់ មកស្តាប់សេចក្តីថ្លែងការណ៍របស់លោក ស្តីអំពីពាក្យលេចឮ នៃការលូកដៃរបស់បរទេស និង ប្រទេសជិតខាងមួយចំនួន ដែលកំពុងតែត្រៀមធ្វើការឈ្លានពានដោយយោធាចូលមកកាន់ ប្រទេសរបស់លោក។ ការរំលោភបំពានបែបនេះ វេណេស៊ុយអេឡា បានហៅថាជាឈ្លានបែបយោធា របស់បរទេស។

គួរបញ្ជាក់ថា ភាពតានតឹងបានកើតឡើងនៅរយៈពេលជាច្រើនថ្ងៃមកនេះ ជាពិសេសក្រោយពី យោធាវេណេស៊ុយអេឡា ចាប់សញ្ញាបានថាមានយន្តហោះចម្បាំងអាមេរិកពីរគ្រឿងបានហោះ ចូលមកក្នុងដែនអាកាសរបស់ខ្លួន។ វេណេស៊ុយអេឡា បានចោទអាមេរិកថាកំពុងតែបញ្ជូនភ្នាក់ងារ តាមដានសម្ងាត់ដើម្បីរៀបគំរោងការអាក្រក់ណាមួយ ក្នុងពេលឆាប់ៗដោយឃោបឃិត ជាមួយ ប្រទេសជិតខាងដូចជាកូឡុំប៊ីជាដើម។ សហរដ្ឋអាមេរិកជាអ្នក ដែលឈរខាងបក្សប្រឆាំងរបស់ វេណេស៊ុយអេឡា ដែលកំពុងតែទទួលការធ្វើទុក្ខបុកម្នេញយ៉ាង ខ្លាំងដោយរដ្ឋាភិបាលលោកម៉ាឌួរ៉ូ៕