(អាមេរិក)៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Apple លោក Tim Cook នឹងទៅដំណើរទៅកាន់ប្រទេសឥណ្ឌាក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីជួបពិភាក្សាជាមួយនឹងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ខណៈដែលដំណឹងនៃដំណើរទស្សនកិច្ចទៅចិន ត្រូវបានស្ងប់ស្ងាត់ទៅវិញ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNet ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា។
វាមិនមែនជាជំនួបដំបូងនោះទេ សម្រាប់លោក Tim Cook និង Narendra Modi ដោយកាលពីឆ្នាំមុន នាយករដ្ឋមន្ត្រីឥណ្ឌារូបនេះ បានជួបជាមួយនឹងមេធំៗនៃក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនរូបនៅសហរដ្ឋអាមេរិក ក្នុងនោះក៏មានលោក Tim Cook ផងដែរ។
តាមការឲ្យដឹង លោក Cook គ្រោងនឹងពិភាក្សាជាមួយលោក Modi ដើម្បីបង្កើតនូវផលិតផលថ្មីសម្រាប់ប្រទេសឥណ្ឌា ដោយសហការជាមួយរដ្ឋាភិបាល និងក្រុមហ៊ុនក្នុងស្រុក ខណៈដែលមុននេះ ក្រុមហ៊ុន Foxconn បានប្រកាសបង្កើតរោងចក្រមួយថ្មីនៅឥណ្ឌា ដើម្បីផលិតនូវផលិតផលរបស់ក្រុមហ៊ុន Apple។
គួរបញ្ជាក់ផងដែរថា ឥណ្ឌា ជាតំបន់ទីផ្សារមួយដែលក្រុមហ៊ុន Apple កំណត់ជាគោលដៅ បន្ទាប់ពីប្រទេសចិន ព្រោះវាជាទីផ្សារធំ ដែល Apple អាចនឹងរកប្រាក់ចំណូលបានខ្ពស់លើសពីការរំពឹងទុក៕