(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាង៥០នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងវគ្គសិក្សាអំពីរបៀបសរសេរព័ត៌មានដំណឹង និងបទយកការណ៍ រយៈពេល ៣ខែមកនេះ។
ពិធីប្រគល់វិញ្ញាបនបត្រនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកអង្គភាពព័ត៌មាន Fresh News និង លោក ម៉ារ យ៉ារិទ្ធ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC)។
រាល់សិក្ខាកាម ដែលបានបញ្ចប់ការសិក្សា បានបង្ហាញទឹកមុខពោពេញដោយស្នាមញញឹម និងមានទំនុកចិត្ត ក្រោយទទួលបានការបណ្ដុះបណ្ដាលនៅ FTC។ វគ្គសិក្សាវគ្គ២ ដែលបានបញ្ចប់នេះ មានសិក្ខាកាមសិក្សាចំនួន៥៥នាក់ នៅក្នុងនោះមានទាំងអ្នកសារព័ត៌មាន មន្រ្តីរាជការ អាជីវក គ្រូបង្រៀន គ្រូពេទ្យ ក៏ដូចជាសិស្សនិស្សិតផងដែរ។
លោក លឹម ជាវុត្ថា និង លោក ម៉ារ យ៉ារិទ្ធ បានអំណរគុណដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលរបស់យើង តាំងពីដើមរហូតបញ្ចប់វគ្គសិក្សា និងទទួលវិញ្ញាបនបត្រ នាពេលនេះ។ លោកសង្ឃឹមថា សិក្ខាកាមទាំងអស់នឹងយកចំណេះដឹងអំពីរបៀបសរសេរព័ត៌មាននេះ ទៅប្រើប្រាស់តាមតម្រូវការ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។
បើតាមការឲ្យដឹងពីសិក្ខាកាម ការសិក្សាលើវគ្គសរសេរព័ត៌មាននេះ មានសារៈសំខាន់ណាស់ ទោះបីមិនយកទៅប្រកបអាជីពជាអ្នកព័ត៌មាន តែធ្វើឲ្យពួកគាត់អាចយល់អំពីការងារអ្នកសារព័ត៌មាន ដឹងអំពីរបៀបក្នុងការនិយាយឆ្លើយតបឲ្យបានត្រឹមត្រូវនៅក្នុងសង្គម ដែលជាចំណុចមិនអាចខ្វះបាននៅគ្រប់ជំនាញនីមួយៗ។ ជាងនេះទៅទៀត ក្រោយទទួលបានការសិក្សាសិក្ខាកាម បានវាយតម្លៃខ្ពស់លើគុណភាពនៃការបង្រៀន ក៏ដូចការយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព និងបរិយាកាសសិក្សារបស់សិស្ស។
បើទោះជាថ្នាក់សិក្សាវវគ្គ២ បានបញ្ចប់ទៅហើយមែន នៅពេលនេះ FTC ក៏ចាប់ផ្ដើមចុះឈ្មោះសិក្សាវគ្គ៣ បន្តទៀត ហើយចូលរៀននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។ វគ្គ៣ខាងមុខនេះ ផ្ដោតលើការសិក្សាអំពីព័ត៌មានខ្លី បទយកការណ៍ និងបទពណ៌នា។
យ៉ាងណាមិញមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ក៏មានគម្រោងបង្កើតថ្នាក់សិក្សាជំនាញបន្ថែមទៀតដែរ រួមមានថ្នាក់បកប្រែព័ត៌មានអន្តរជាតិ និងថ្នាក់សិក្សាអំពីច្ចេកទេសថតរូប និងថតវីដេអូព័ត៌មានជាដើម។
សូមបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News។ «FTC» ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មានក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។
FTC មានលោក ម៉ារ យ៉ារិទ្ធ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។
នៅក្រោយការបញ្ចប់វគ្គសិក្សា លោកអ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាព និងគ្រូបង្គោលទៀតផង៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទ និង Telegram លេខ៖ 089 960 090
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ តាមរយៈលេខទូរស័ព្ទ ឬ Telegram ៖ 092 322 334