(ម៉ិចស៊ិកូ)៖ ប្រធានាធិបតីប្រទេសម៉ិចស៊ិកូលោក អ៊ែនរីក ផេណា នាតូ (Enrique Pena Nieto) បាន ប្រកាសថាលោក បាននិងកំពុងតែជំរុញឲ្យមានការអនុញ្ញាតច្បាប់រៀបការភេទដូចគ្នា នៅទូទាំង ប្រទេសតែម្តង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០១៦។
កាលពីថ្ងៃអង្គារ ទី១៨ ខែឧសភានោះ គឺជាទិវាអន្តរជាតិប្រឆាំងនឹងការរើសអើងមនុស្សស្រឡាញ់ ភេទដូចគ្នា ហើយលោកប្រធានាធិបតីម៉ិចស៊ិកូ បានចុះហត្ថលេខាលើសេចក្តីព្រាងមួយ ដែលបង្ហាញ ថារូបលោកនឹងខិតខំប្រឹងប្រែង ទាមទារឲ្យរដ្ឋទាំងមូលអនុញ្ញាតច្បាប់រៀបការមនុស្សភេទដូចគ្នា ដើម្បីគោរពសិទ្ធិរបស់ពួកគេក្នុងនាមជាពលរដ្ឋនៃប្រទេស អាមេរិកខាងជើងមួយនេះ។
ក្រៅពីការគ្រោងរៀបចំច្បាប់ខាងលើនេះ លោកប្រធានាធិបតីក៏បានបញ្ជាឲ្យក្រសួងការបរទេស សម្រួលដល់ការត្រួតពិនិត្យលិខិតឆ្លងដែន សម្រាប់ប្រជាជនណាដែលបានកែភេទ ដើម្បីបង្ហាញពី ការមិនរើសអើងពួកគេផងដែរ។
គួរបញ្ជាក់ថា មានតែរដ្ឋធានីម៉ិចស៊ិកូមួយគត់ដែលបានអនុញ្ញាត ច្បាប់រៀបការភេទដូចគ្នាកាលពីឆ្នាំ ២០០៩ ហេតុដូច្នេះទើប លោក នាតូ សន្យានឹងនាំយកច្បាប់ ដូចគ្នានេះ ដាក់ពង្រាយទូទាំងប្រទេសតែម្តង៕