(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីចេញផ្សាយព័ត៌មានអំពី «តារាចំរៀងល្បីមួយរូបបើករថយន្តសេរីទំនើប បុករថយន្ត ស្លាប់បុរសម្នាក់គៀបជាប់រថយន្ត ហើយនាំស្រីស្នេហ៍រត់គេចខ្លួនបាត់» សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ហាញឈ្មោះម្ចាស់កម្មសិទ្ធិរថយន្ត RANGE ROVER ស្លាកលេខ 2X-9987 ដែលបុកបុរសម្នាក់ស្លាប់ ហើយរត់គេចខ្លួនដោយបញ្ជាក់ថា៖ ម្ចាស់កម្មសិទ្ធិ «ឈ្មោះ ឌៀប វណ្ណារ័ត្ន ផ្ទះលេខ៦៦អាអឺO ផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ»។
ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវថាតើ អ្នកបើកបររថយន្ត RANGE ROVER ស្លាកលេខ 2X-9987 ដែលបុកបុរសម្នាក់ស្លាប់កាលពីយប់មិញជានរណា ? តើដូចនឹងការលើកឡើងរបស់ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ថា ជាតារាចម្រៀងឬយ៉ាងណា? ព្រោះថា រថយន្ត RANGE ROVER មួយនេះ អាចជាការទិញតពីគ្នា ឬខ្ចីជិះ គឺមិនទាន់ច្បាស់នៅឡើយ។
សូមជំរាបថា នៅម៉ោង១២៖៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខឃ្លាំង ស្ថាននីយ៍ប្រេងសូគីម៉ិច តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយបុរសម្នាក់បានស្លាប់ដោយគៀបជាប់នៅក្នុងរថយន្ត ដោយសារតែបើករថយន្តបុកជាមួយ នឹងរថយន្តសេរីទំនើប១គ្រឿងទៀតម៉ាក RANGE ROVER ដែលត្រូវបានគេស្គាល់ថា ជារបស់តារាចំរៀងមួយរូប និងជាអ្នកបើកផងដែរ ដោយបើកក្នុងទិសដៅបញ្ច្រាសគ្នា រួចក៏បុកគ្នាចំពីមុខពេញទំហឹងតែម្តង។ ក្រោយពីបើកបុកស្លាប់បុរសម្នាក់ហើយ តារាចម្រៀងរូបនោះ បាននាំស្រីស្នេហ៍រត់គេចខ្លួនបាត់។
ប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តសេរីទំនើបមួយគ្រឿងម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-9987 បើកតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង និងមានរថយន្ត១គ្រឿងទៀត ម៉ាក Celica ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-5575 បើកក្នុងល្បឿនលឿនដូចគ្នាទិសដៅបញ្ច្រាសគ្នា ពេលមកដល់ចំណុចកើតហេតុបានបុកគ្នា ចំពីមុខពេញទំហឹង បណ្តាលឱ្យបុរសម្នាក់ដែលជាម្ចាស់ Celica ស្លាប់គៀបជាប់ក្នុងរថយន្ត។
ប្រជាពលរដ្ឋឃើញហេតុការណ៍បាននិយាយថា អ្នកបើករថយន្ត Range Rover ត្រូវបានគេស្គាល់ថា ជាតារាចំរៀងមួយរូប និងរួមដំណើរដោយនារីស្រស់ស្អាតម្នាក់ទៀត បានចុះមកពីលើរថយន្តរួចគេចខ្លួនបាត់ រីឯរថយន្តទាំង២គ្រឿង រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុ និងសហការជាមួយជំនាញធ្វើការវាស់វែងស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕