(ព្រះសីហនុ)៖ មនុស្សចំនួន៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងអាវុធហត្ថ ស្នាក់ការសន្តិសុខទំបន់រលក ចាប់ឃាត់ខ្លួនដោយជាប់សង្ស័យពាក់ព័ន្ធនឹង បទល្មើសជួញដូរគ្រឿងញៀន។
ក្នុងប្រតិបត្តិការឆ្មក់ចុះបង្ក្រាប ករណីបទល្មើសគ្រឿងញៀននេះ បានធ្វើឡើងនៅម៉ោង១រសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅចំណុច ក្រុម៣១ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
លោកអនុសេនីយ៌ឯក ឡុង គឹមហួរ នាយការិយាល័យបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ដោយគោរពតាមបទបញ្ជាររបស់ លោកឧត្តមសេនីយ៌ ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបានដាក់ផែនការឲ្យកម្លាំងជំនាញ បង្កើនការទប់ស្កាត់ និងធ្វើការបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាសគ្រឿងញៀននោះ លោកបានដាក់ភ្នាក់ងារសំងាត់ ដើម្បីតាមដានរហូតឈានទៅឆ្មក់ចុះបង្ក្រាប និងចាប់ឃាត់ខ្លួនជនសង្ស័យជាមួយ និងវត្ថុតាងពាក់ព័ន្ធបទល្មើសគ្រឿងញៀន ជាក់ស្តែងបានមួយចំនួនផងដែរ។
លោក ឡុង គឹម ហួរ បានឲ្យដឹងទៀតថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួននេះ មានទី១-ឈ្មោះ សាយ ចន្រ្ទា ភេទប្រុស អាយុ ២៣ឆាំ្ន ជនជាតិខ្មែរ មុខរបរបើកឡាន ទីលំនៅភូមិត្រែង ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត។ ទី២-ឈ្មោះ អៀម រ៉ាវេត ភេទប្រុស អាយុ២៧ឆាំ្ន ជនជាតិខ្មែរ មុខរបរបើកឡាន ទីលំនៅភូមិដីឡ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
និងទី៣-ឈ្មោះ សុខ ឃាង ភេទប្រុស អាយុ១៨ឆាំ្ន ជនជាតិខ្មែរ មុខរបរព្រូឡាន ទីលំនៅ ភូមិត្រាច ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោក ឡុង គឹម ហួរ បានប្រាប់ទៀតថា វត្ថុតាងចាប់យករួមមាន ម្ស៉ៅសថ្លាចំនួន១កញ្ចប់ធំ ទម្ងន់៨.២ក្រាម, ជញ្ជីងថ្លឹងចំនួន០១, ទី៣-ទូរស័ព្ទដៃចំនួន០៣គ្រឿង ម៉ូតូFino ពណ័ខ្មៅលាយស១គ្រឿងស្លាកលេខគ្មាន និងលុយខ្មែរ១៥ម៉ឺនរៀល។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់ រួមនិងវត្ថុតាងពាក់ព័ន្ធបទល្មើស កម្លាំងការិយាល័យជំនាញ អាវុធហត្ថខេត្តកំពុងចាត់ការបន្ត តាមនិតិវិធីច្បាប់ជាធរមាន៕