(ព្រះសីហនុ)៖ ស្នងការនគបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ប្រាប់ Fresh News ថា នៅថ្ងៃម្សិលមិញនេះ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបក្រុមចោរលួច ប្លន់ យ៉ាងសកម្ម និងបក្ខពួកចំនួន ៧នាក់ បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះដែលបាត់ម៉ូតូ។
លោកឧត្តមសេនីយ៍បានបញ្ជាក់ថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ ម៉ុត វិទ្យា ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិអូរត្រជាក់ចិត្ត ឃុំសំរ៉ុង ស្រុកព្រៃនប់ ថាបានបាត់ម៉ូតូ១គ្រឿង ម៉ាក Dream C125 ផលិតឆ្នាំ ២០១០ ខណៈពេលគាត់ចតទុកនៅមុខផ្ទះប្អូន នៅម៉ោង៧៖០០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបញ្ជាមកកម្លាំងជំនាញ ការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលស្រុកព្រៃនប់ និងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បើកការស៊ើបអង្កេតស្រាវជ្រាវជាបន្ទាន់។
ជាលទ្ធផលនៃកិច្ចប្រតិបត្តិការ សមត្ថកិច្ចបង្ក្រាបបាន១ករណី៖
ករណីទី១ នៅវេលាម៉ោង៩៖០០នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ មានឈ្មោះ ជន សឿន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរគ្មាន មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ (ធ្លាប់ជាប់ពន្ធធានាគារ៧ខែពីបទចោរកម្ម), ផន ម៉ៅ ភេទប្រុសអាយុ៤៣ឆ្នាំ មុខរបរកម្មករ មានទីលំនៅជាមួយគ្នា, វ៉ា ថន ហៅគ្រង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប នៅភូមិវាលធំឃុំវាលរេញ ស្រុកព្រៃនប់ (ទទួលផលចោរកម្ម ) និង ជំ ហាន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករ មានទីលំនៅជាមួយគ្នា (ទទួលផលចោរកម្ម)។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ច ដកហូតបានវត្ថុតាងជាផលចោរកម្ម រួមមានម៉ូតូចំនួន១៣គ្រឿង ម៉ាកហុងដា C125 ចំនួន៧គ្រឿង, ម៉ាកហុងដាវ៉េវ ចំនួន៤គ្រឿង, ម៉ាកវីវ៉ា១គ្រឿង, ម៉ាកគុប១គ្រឿង ក្នុងនោះដែរម៉ូតូ១គ្រឿងម៉ាកហុងដា C125 ជារបស់ជនរងគ្រោះ រួមនឹងស្លាកលេខម៉ូតូ ចំនួន៥ និងគ្រឿងបន្លាស់ម៉ូតូមួយចំនួន។
-ករណីទី២ នៅវេលាម៉ោង៣៖០០នាទីរសៀលកម្លាំងជំនាញធ្វើការស្រាវជ្រាវ ស៉ើបអង្កេតចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ ពីបទចោរកម្មលួចម៉ូតូវ៉េវ កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៥នៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ដែលជនរងគ្រោះឈ្មោះ VOLODYMYR BIRIUKOV ជនជាតិ អ៊ុយគ្រែន ភេទប្រុស អាយុ៤៨ឆ្នាំ លិខិឆ្លងដែនលេខ EI 304894 ។ ជនសង្ស័យទាំង៣នាក់ ឈ្មោះ សូន ចាន់សេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មរ មានទីលំនៅក្រុមទី២៤ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ, ផា រិនហៃ អាយុ១៦ឆ្នាំ មុខរបរកម្មរ មានទីលំនៅសង្កាត់៤ ក្រុងព្រះសីហនុ និង សាន់ គ្រឿន អាយុ១៦ឆ្នាំ មុខរបរកម្មរ មានទីលំនៅសង្កាត់4 ក្រុងព្រះសីហនុ។
សមត្ថកិច្ចបញ្ជាក់ថា ចំពោះម៉ូតូទាំង១៣គ្រឿង ដែលដកហូតបានជាវត្ថុតាង ស្នងការដ្ឋាននឹងជូនដំណឹងទៅតាមបណ្តាខេត្ត ជាប់ព្រំប្រទល់ និងរាជធានីភ្នំពេញ ដើម្បីឲ្យជនរងគ្រោះដោយអំពើលួច ឆក់ ប្លន់ បានដឹង និងយកឯកសារពាក់ព័ន្ធ មកទំនាក់ទំនងទទួលយក។ បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងបន្តតាមនីតិវិធី៕