(កំពត)៖ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ បានថ្លែងឲ្យដឹងថា ក្រោយពីប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញមកនោះ បានធ្វើឲ្យខេត្តកំពតមាត់សមុទ្រមួយនេះ មានលទ្ធភាពច្រើនក្នុងការអភិវឌ្ឍសម្រាប់ទាក់ទាញភ្ញៀវទេសចរ។
លោកបានលើកឡើងបែបនេះ ក្នុងឱកាសលោក និងលោកស្រី អញ្ជើញជាអធិបតីភាពក្នុងពិធីអភិសេកព្រះពុទ្ធរូបប្រក់នាគ ស្ថិតនៅមាត់ស្រះបុរាណមួយក្រោយធនាគារជាតិនៃកម្ពុជា សាខាខេត្តកំពត ក្នុងសង្កាត់កំពង់កណ្ដាល ក្រុងកំពត ហើយក៏មានការអញ្ជើញចូលរួម លោក ខូយ ឃុនហួរ អតីតអភិបាលខេត្តកំពត និងលោកស្រី ដោយដង្ហែរព្រះពុទ្ធរូបប្រក់នាគ មកគង់នៅក្រោម ម្លប់ពោធិនេះ គឺជាស្រះទឹកមានតាំងពីបុរាណមកម្ល៉េះ។
តាមការបញ្ជាក់ពីលោក ខូយ ឃុនហួរ បានបញ្ជាក់ថា ស្រះទឹកនេះកាលពីមិនទាន់មានប្រពន្ធ័ទឹកស្អាតប្រើប្រាស់ គឺប្រជាពលរដ្ឋបានយកទឹកស្រះប្រើប្រាស់គ្រប់គ្នាៗ។ ប៉ុន្តែឥឡូវទីកន្លែងនេះខេត្តកំពតបានរៀចំឲ្យក្លាយជាកន្លែងកំសាន្តមួយសម្រាប់សាធារណៈជនទូទៅ និងក៏ដើម្បីទាក់ទាញភ្ញៀវទេសចរផងដែរ ដោយទីកន្លែងនេះមានផ្ទៃដីសរុប ២ហិកតា៦០ ក្នុងផ្ទៃស្រះមាន ១ហិកតា៧០ ហើយរម្មណីយដ្ឋានថ្មីនេះ ក៏បានដាក់សម្ពោធកាលពីបុណ្យសមុទ្រឆ្នាំ២០១៥ កន្លងទៅនេះហើយដែរ។
លោក ជា ចាន់តូ បានឲ្យដឹងផងដែរថា «រាល់សមិទ្ធផលដែលយើងបានខិតខំកសាង មានដូចសព្វថ្ងៃនេះ មិនថាសមិទ្ធផលក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ បើប្រទេសជាតិមិនមានសុខសន្តិភាពនោះទេ គឺយើងគ្មានលទ្ធភាពកសាងបានដែរ»។
គួរបញ្ជាក់ថា ព្រះពុទ្ធរូបប្រក់នាគដែលបានរៀបចំនៅមាត់ស្រះក្រោមដើមពោធិនាពេលនេះ ក្រៅពីបានរួមចំណែកលើកកម្ពស់សោភណ្ឌភាពក្រុងកំពតនោះ នូវបានក្លាយជាទីកន្លែងមួយសម្រាប់ការគោរពរបស់ប្រជាពុទ្ធបរិស័ទខ្មែរគ្រប់ៗរូបផងដែរ ព្រោះថាទីដ្ឋាននេះគឺសក្កិសមបំផុតសម្រាប់ការគង់នៅរបស់ ព្រះពុទ្ធរូបអង្គនេះ។
ក្នុងកាសនោះជាមួយនឹងការអភិសេកព្រះពុទ្ធរូបប្រក់នាគនេះដែរ ក៏មានការរាប់បាត្រប្រគេនដល់ព្រះសង្ឃចំនួន១៣៥អង្គ និងជូនដល់លោកយាយ លោកតា ចំនួន ១០០នាក់ ក្នុង១នាក់ទទួលបានក្រណាត់ស១ដុំ និងថវិកាចំនួន២ម៉ឺនរៀល និងក្រុមយុវជនកាយរិទ្ធិ១៦១នាក់ ក្នុង១នាក់ទទួលបានសៀវភៅ ប៊ិច ខ្មៅដៃ និងថវិកា ៥ពាន់រៀល៕