(សៀមរាប)៖ ប្រជាពលរដ្ឋនៅខេត្ដសៀមរាប បានប្រារព្ធពិធីសុំទឹកភ្លៀង បន្ទាប់ពីមានភាពរាំងស្ងួតកន្លងមកនេះ ដែលនេះជាប្រពៃណីទៅហើយសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ដនេះ តែងតែសុំទឹកភ្លៀងជាប្រចាំ ទោះជាមានភ្លៀងធ្លាក់ ឬអត់ក្តី តែពួកគាត់នៅតែសង្ឃឹមថា ភ្លៀងនឹងធ្លាក់ក្រោយពីធ្វើពិធីបួងសួង។
លោក យាយវឿន អាយុជាង៦០ឆ្នាំ ដែលជាអ្នកដឹកនាំធ្វើពិធីបួងសួងសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធនៅថ្ងៃទី១៤-១៥ ខែឧសភា បានឲ្យដឹងថា តាមរូបដែលមកចូលសណ្ឋិតប្រាប់ថា «យើងនឹងបានភ្លៀងក្នុងថ្ងៃនេះ ឬពីរបីថ្ងៃទៀត...»។
ពិធីសុំទឹកភ្លៀងឆ្នាំនេះ មិនទាន់បានទទួលទឹកភ្លៀងភ្លាមៗតាមការសុំឡើយ ដែលខុសប្លែកពីឆ្នាំមុនៗគ្រាន់តែធ្វើពិធីបួងសួងសូត្រមន្តមិនទាន់ចប់ផង មហាមេឃក៏បង្អុរភ្លៀងចុះមករកតែកន្លែងជ្រកមិនចង់បាន។ ទោះជាយ៉ាងនេះក្តី លោកយាយវឿន ដែលដឹកនាំកម្មវិធីនេះរៀបរាប់ទាំងក្តីសង្ឃឹមថា ទោះជាថ្ងៃនេះមិនទាន់ភ្លៀង យ៉ាងយូរពីរបីថ្ងៃទៀតភ្លៀងនឹងធ្លាក់ចុះមកមិនខាន។
លោកយាយវឿនរៀបរាប់ថា ខ្ញុំធ្លាប់មកធ្វើពិធីបួងសួងសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធនេះ តាំងពីនៅក្មេងមកម្ល៉េះ ដោយកាលនោះ លោកយាយមកជាមួយនឹងតារបស់គាត់ដែលមានអាយុជាង១០០ឆ្នាំ ហើយទីនេះសក្តិសិទ្ធិណាស់ ឲ្យតែសុំទឹកភ្លៀងគឺដឹងតែបានហើយ ពេលខ្លះ សូម្បីយើងមិនទាន់ដឹងថា វាអាចនឹងមានភ្លៀងតិចឬច្រើនសម្រាប់ធ្វើស្រែក៏ដោយ ក៏យើងនៅតែធ្វើពិធីសុំដែរ ព្រោះបើមិនធ្វើពិធីសុំទេ ក្រែងមិនមានភ្លៀងធ្លាក់គ្រប់គ្រាន់សម្រាប់ធ្វើស្រែចម្ការ»។
តាមការសង្កេតឆ្នាំនេះ ប្រជាពលរដ្ឋប្រហែលជាងមួយរយនាក់មកពីភូមិផ្សេងៗដូចជា ភូមិភ្លង់ លាងដៃ តាប្រុកជាដើម បានមកជួបជុំគ្នានៅប្រាសាទនាគព័ន្ធ ដើម្បីធ្វើពិធីបួងសួងសុំទឹកភ្លៀងរយៈពេលមួយយប់ពីរថ្ងៃ។ តែលោកយាយវឿនលើកឡើងថា កាលពីមុនមានមនុស្សដែលមានជំនឿរឿងបួងសួងសុំទឹកភ្លៀងនេះច្រើនណាស់ ឲ្យតែដល់ពេលធ្វើម្តងៗ មនុស្សមកចូលរួមណែនណាន់តាន់តាប់ មិនមែនមកតែពីបីភូមិក្បែរៗនេះទេ គឺមកតាំងតែពីភូមិផ្សេងៗឆ្ងាយទៀត ហើយសព្វថ្ងៃមនុស្សគេមិនសូវជឿ! គេមិនសូវមកចូលរួមច្រើនដូចមុនទេ! ណាមួយពីដើមយើងមានមុខរបរអីក្រៅពីស្រែចម្ការ ចឹងហើយម្នាក់ៗមានពេលទំនេរមកចូលរួមច្រើន តែឥឡូវគេរវល់ធ្វើការងារច្រើនពេកទើបមិនសូវមានអ្នកចូលរួមប៉ុន្មានទេ។
ទោះបានទទួលភ្លៀងភ្លាមៗ ឬមិនទាន់បានក្តី ពិធីសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធឆ្នាំនេះ នៅតែប្រព្រឹត្តទៅតាមទំនៀមទម្លាប់ដូចដែលធ្លាប់ប្រតិបត្តិមករាល់ឆ្នាំដែរ ដោយថ្ងៃដំបូងគេរៀបចំពិធីប្រុងពលី ប្រកាសបួងសួង និងសែនគ្រឿងសំណែនផ្សេងៗ។ ពិធីជាបន្ត គឺការនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងមានពិធីមួយទៀត ដែលត្រូវបានប្រារព្ធឡើងបន្ទាប់ពីចម្រើនព្រះបរិត្តហើយ នោះគឺពិធីចូលរូប។ ពិធីបញ្ចូលរូបឆ្នាំនេះ មានរូបចូលមកសណ្ឋិត៤គឺ ជម្ពូទ្វីប សំពៅមាស ភុជង្គនាគ និងនាងគ្របលក្ខណ៍ ពេលមកចូលមក ផ្តើមលាបម្សៅ ហូបគ្រឿងស្រវឹងផ្សេងៗ រាំពត់ពែនទៅតាមចង្វាក់ភ្លេងនិងទស្សន៍ទាយទឹកភ្លៀង ជូនពរកូនចៅសុខសប្បាយដូចសព្វដងដែរ។
ជាងនេះទៅទៀត ពេលព្រឹកឡើង គេនិមន្តព្រះសង្ឃឆាន់យាគូ និងរាប់បាត្រព្រះសង្ឃតាមទំនៀមព្រះពុទ្ធសាសនា ហើយមុននឹងបញ្ចប់កម្មវិធី អាចារ្យនាំអ្នកស្រុកដើរប្រទក្សិណប្រាសាទនាគព័ន្ធ ៣ជុំ ដោយចាក់ទឹកលើក្បាលទ (ដែលអ្នកស្រុកហៅថា រន្ធរាហូ) ដែលមានចម្លាក់រូបសំណាកនៅតាមទិសទាំងបួន។ មិនតែប៉ុណ្ណោះ អ្នកស្រុកក្មេងចាស់លេងជះទឹកដាក់គ្នាទៅវិញទៅមក ខ្លះច្រៀង ខ្លះរាំ សប្បាយក្អាកក្អាយ ជាមួយនឹងក្រុមឆៃយ៉ាំ ហាក់ដូចជាកំពុងភ្លៀងធ្លាក់មកមែនទែន៕