(បន្ទាយមានជ័យ)៖ បើតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ភ្នាក់ងារ Fresh News ដឹងថា សង្វៀនជល់មាន់ និងល្បែងអាប៉ោង ស្ថិតក្នុងបរិវេណ កាស៊ីណូ «ហ្គោលឌីន» កំពុងតែពេញនិយមខ្លាំង បើកលេងយ៉ាងអនាធិបតេយ្យ ពុំមានសមត្ថកិច្ចណាមកអន្តរាគមន៍ បង្រ្កាបឡើយ ។
ប្រជាពលរដ្ឋបន្តថា ការលេងល្បែងស៊ីសងសព្វថ្ងៃនេះ លេងយ៉ាងអនាធិបតេយ្យ ទៅហើយ ពុំដែលឃើញមានសមត្ថកិច្ច ឬមន្ដ្រីណាម្នាក់ ចុះមកបង្រ្កាបនោះទល់តែសោះ ព្រោះតែអ្នកបើកសង្វៀនជល់មាន់ នោះត្រូវបានគេរត់ការចរចា ជាមួយសមត្ថកិច្ច ឬស្ថាប័នពាក់ព័ន្ធអស់ទៅហើយ ទើបគេធ្វើមិនដឹងធ្វើមិនឮបែបនេះ ។ ម្យ៉ាងទៀតគេស្គាល់ថា ម្ចាស់សង្វៀននោះ មានឈ្មោះ កុក មីន ត្រូវជាបងប្អូនប្រុសរបស់លោកឧកញ៉ា កុក អាន ជាអ្នកបើកសង្វៀនជល់មាន់នៅក្រុងប៉ោយប៉ែត តែម្ដង។ ដូច្នេះប្រជាពលរដ្ឋរស់នៅ ក្នុងមូលដ្ឋានបាននិយាយតៗគ្នា ថា បទល្មើសដូចខាងលើនេះ គេចាត់ទុកជាឆ្នាំងបាយ របស់សមត្ថកិច្ចទៅហើយ។ លើសពីនោះក៏មាន លោកមេបញ្ជាការរងអាវុធហត្ថ២នាក់ មានដាក់ភាគហ៊ុនផងដែរ។
ប្រភពដដែលបានឲ្យដឹងថា សង្វៀនល្បែងស៊ីសងនេះ ហាក់បីដូចជាដឹងពីសកម្មភាព របស់សមត្ថកិច្ច ពេលចង់បង្ក្រាប ឬទប់ស្កាត់ មិនតែប៉ុណ្ណោះ នៅពេលដែលម្ចាស់បើកលេងល្បែងខុសច្បាប់ ពុំដែលមានសមត្ថកិច្ចណា អើពើនោះឡើយ។ ប្រជាពលរដ្ឋបានរិះគន់យ៉ាងចំៗ ទៅលើសមត្ថកិច្ចអាវុធហត្ថ ក្រុងប៉ោយប៉ែត ជាពិសេសនោះ លោកមេបញ្ជាការរងអាវុធតែម្តងថា ការបើល្បែងស៊ីសងសព្វថ្ងៃនេះ គឺធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភ បាត់បង់ទ្រព្យសម្បត្ដិដូចជា គោ ក្របី ចោរលួច ចោរប្លន់ ម៉ូតូ រថយន្ត រហូតឈានដល់ ការប្រើប្រាស់ហិង្សារក្នុងគ្រួសារ ជាដើម។
ពួកគាត់បន្តថា ល្បែងស៊ីសងនេះ ធ្វើឲ្យប៉ះពាល់ដល់រាជរដ្ឋាភិបាល ដែលកំពុងតែប្រឹងប្រែង និងដាក់បញ្ជាជាច្រើន ជាល្បែងស៊ីសងនេះតែម្តង ខណៈរាជរដ្ឋាភិបាល មានការអភិវឌ្ឍន៍ឈានទៅមុខ មានការរីកចំរើនគ្រប់វិស័យ។ ប្រជាពលរដ្ឋបានចោទជាសំណួរថា តើគោលការនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាល ភូមិ-ឃុំ មានសុវត្ថិភាព ដែលបានដាក់បទបញ្ជា ដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចទប់ស្កាត់បទល្មើសផ្សេងៗ តើស្ថិតនៅត្រង់ណា?
បើតាមប្រជាពលរដ្ឋបានទម្លាយឲ្យដឹងថា បច្ចុប្បន្ននេះ គឺមានលោកអាវុធហត្ថម្នាក់ ជាមេបញ្ជាការរងខេត្តបន្ទាយមានជ័យ ជាអ្នករត់ការបិតបាំងព័ត៌មានលិចឮ ទីតាំងខាងលើ មិនឲ្យខូចឈ្មោះ ឬចេញផ្សាយព័ត៌មានផ្សេងផងដែរ ។ ដូច្នេះហើយលោកអាវុធហត្ថនោះ ជាអ្នកកាង ឬចេញមុខបន្តិចបន្តួតប៉ុណ្ណោះ។ តែទោះបីជាយ៉ាងណាភ្នាក់ Fresh News ទាក់ទងទៅលោកមេបញ្ជាការរង ដើម្បីសាកសួរ និងស្រាវជ្រាវអត្តសញ្ញាណ របស់លោកមេបញ្ជាការរង២នាក់នោះ ដែលកំពុងរងការរិះគន់ ពីប្រជាពលរដ្ឋ៕