(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៦បានអនុញ្ញាតឲ្យ លោក Samiuela Tukuafu នាយកប្រចាំប្រទេសកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ផ្តោតសំខាន់លើ ការអនុវត្តគម្រោងពាក់ព័ន្ធនឹងក្រសួងអភិវឌ្ឍន៍ជនបទ ដែលកំពុងដំណើរការ និងគម្រោង ដែលបានស្នើសុំការផ្តល់ហិរញ្ញប្បទានពី ADB សម្រាប់ឆ្នាំ ២០១៧-២០១៩។
ជាកិច្ចចាប់ផ្តើម លោកបណ្ឌិត រដ្ឋមន្ត្រីបាន សម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅ ជូនចំពោះលោក Tukuafu នាយក ADB ប្រចាំប្រទេសកម្ពុជា និងគណៈប្រតិភូរួម ដំណើរ ព្រមទាំងបានសម្តែងនូវការ អរគុណចំពោះ ABD ដែលជាដៃគូអភិវឌ្ឍន៍ ដ៏សំខាន់របស់ក្រសួង ក្នុងការអភិវឌ្ឍជនបទ ជាពិសេសការកសាង និងកែលម្អផ្លូវជនបទ និងការផ្គត់ផ្គង់ទឹកស្អាត និង អនាម័យនៅតាមជនបទដែលជាកត្តាសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម នៅទីជនបទ។
នៅក្នុងជំនួបនេះ លោកនាយកធនាគារអភិវឌ្ឍន៍អាស៊ី បានសម្តែងនូវការរីករាយចំពោះ កិច្ចសហប្រតិបត្តិការល្អរវាងក្រសួង ADB និងបានជម្រាបជូន ឧត្តមរដ្ឋមន្ត្រីថា ADB បានរៀបចំ ផែនការយុទ្ធសាស្ត្រ ឆ្នាំ ២០១៤-២០១៨ ស្របតាមផែនការយុទ្ធសាស្ត្រ ចតុកោណតំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាលកម្ពុជា ។ ផែនការយុទ្ធសាស្ត្ររបស់ ADB នេះ បានកំណត់ចំនុចអាទិភាពសំខាន់ចំនួនពីរ គឺ៖ ១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទីក្រុង និងជនបទ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ និងវិស័យកសិកម្ម ២. ការអភិវឌ្ឍធនធានមនុស្ស រួមមានការជួយដល់ វិស័យ អប់រំ និងការបណ្តុះបណ្តាល វិជ្ជាជីវៈ។
ជាការឆ្លើយតប លោកបណ្ឌិត រដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីរីករាយចំពោះ ការបន្តផ្តល់ការគាំទ្ររបស់ ADB ដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ការជួយគាំទ្រដល់គម្រោង កែលម្អផ្លូវជនបទ និងការផ្គត់ផ្គង់ទឹកស្អាតជនបទ របស់ក្រសួងអភិវឌ្ឍជនបទ ។
ជាមួយគ្នានេះ លោកបណ្ឌិតរដ្ឋមន្ត្រី បានស្នើឲ្យ ABD បង្កើនការគាំទ្រដល់ការផ្គត់ផ្គង់ទឹកស្អាត និង អនាម័យជនបទ ដើម្បីឆ្លើយតបទៅនឹងគ្រោះរាំងស្ងួត ដែលបានធ្វើឲ្យប្រជាពលរដ្ឋ នៅតាមជនបទ ប្រឈមនឹងគ្រោះថ្នាក់ ដោយសារខ្វះទឹកស្អាត ប្រើប្រាស់ដូចជានៅក្នុង ឆ្នាំ២០១៦នេះ។
ទន្ទឹមគ្នានេះ លោកបណ្ឌិតរដ្ឋមន្ត្រី ក៏បានស្នើឲ្យ ABD ពិនិត្យ លទ្ធភាពផ្តល់ការគាំទ្រដល់ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់ប្រជាពលរដ្ឋ នៅតាមជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបច្ចុប្បន្ន មាននៅតាមបណ្តារខេត្តចំនួន ៨ ដើម្បីជួយដល់ ប្រជាពលរដ្ឋជនបទឲ្យមានលទ្ធភាពបង្កើតមុខរបរ និងអាចរកការងារធ្វើសមស្រប ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅ របស់ពួកគាត់ឲ្យមានភាពល្អប្រសើរ៕