(ភ្នំពេញ)៖ ពីទីក្រុងដាវ៉ូស ប្រទេសស្វីស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញភាពរីករាយជាខ្លាំង ចំពោះដំណើរការឃោសនារកសំឡេងឆ្នោតរយៈពេល៤ថ្ងៃកន្លងទៅនេះ ដោយមិនកើតមាននូវអំពើហិង្សា និងបាតុភាពណាមួយ ដែលនាំឱ្យល្អកកករដល់ដំណើរការបោះឆ្នោតនៅកម្ពុជា។

សារសំឡេងផ្ញើជូនជនរួមជាតិបញ្ជាក់ពីការបញ្ចប់បេសកកម្មការងារនៅប្រទេសស្វីសនាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ដំណើរការឃោសនារកសំឡេងឆ្នោត បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរក្នុងបរិយាកាសស្ងប់ស្ងាត់ និងអព្យាក្រឹតភាពខាងនយោបាយ។

បើទោះបីជាយ៉ាងណា សម្តេចតេជោ បានអំពាវនាវដល់ជនរួមជាតិ និងគ្រប់គណបក្សនយោបាយទាំងអស់ ធ្វើសកម្មភាពដោយភាពថ្លៃថ្នូរ ហើយធ្វើយ៉ាងណាឱ្យការបោះឆ្នោតបានប្រព្រឹត្តទៅដោយបរិយាកាសនយោបាយអព្យាក្រឹត គ្មានអំពើហិង្សា គ្មានការគំរាមកំហែង ដើម្បីទុកលទ្ធភាពឱ្យប្រជាជនជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួន។

សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថា ការរីកចម្រើននៃដំណើរការប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជារបស់យើងតាមរយៈការបោះឆ្នោតជាទៀងទាត់ នឹងពង្រឹងនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅក្នុងប្រទេសនេះឱ្យបានរឹងមាំ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រជាពលរដ្ឋសម្រាប់ការគាំទ្ររាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បង្កលក្ខណៈឱ្យសម្តេច សម្តេចក្រឡាហោម ស ខេង និងសម្តេចពិជ័យសេនា ទៀ បាញ់ គ្រប់គ្រងស្ថានការណ៍ប្រទេសជាតិបានល្អប្រសើរ។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១ ខែឧសភា។ យុទ្ធនាការឃោសនារកសំឡេងឆ្នោត នឹងបិទបញ្ចប់នៅថ្ងៃទី០៣ ខែមិថុនា។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានគូសបញ្ជាក់ថា រយៈពេល៤ថ្ងៃនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ គណបក្សនយោបាយទាំង១៧ ដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងនោះ បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំស្វែងរកសំឡេងគាំទ្រពីប្រជាពលរដ្ឋ។

គ.ជ.ប បានអះអាងថា ៤ថ្ងៃនៃយុទ្ធនាការរកសំឡេងឆ្នោតមិនមានបាតុភាពហិង្សា ឬការប៉ះទង្គណាមួយកើតឡើងនោះឡើយ៕