(ដាវ៉ូស-ក្លូស្ទើ, ស្វីស)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព បើកកម្មវិធីរាត្រីសមោសរកម្ពុជា (Cambodia Nigth) ដែលជាកម្មវិធីរៀបចំឡើងអមក្នុងព្រឹត្តិការណ៍សេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

កម្មវិធីរាត្រីសមោសរជាព្រឹត្តការណ៍រៀបចំដោយក្រុមហ៊ុន វើលដ៏ ប្រ៊ីជ គ្រុប (WorldBridge Group) របស់ឧកញ៉ា សៀ ឬទ្ធី។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងបង្ហាញសក្តានុពលវិនិយោគ និងលើកស្ទួយធុរកិច្ចបរទេសនៅក្នុងប្រទេសកម្ពុជា។

ក្នុងព្រឹត្តិការណ៍នោះមានការបង្ហាញនូវម្ហូបអាហារខ្មែរជាច្រើនមុខ ដល់អ្នកភ្ញៀវសុទ្ធសឹងជាអ្នកធ្វើធុរកិច្ច ជាអ្នកវិនិយោគនៅបណ្តាប្រទេសនានាក្នុងទ្វីបអឺរ៉ុប ហើយព័ត៌មានពាក់ព័ន្ធការវិនិយោគ ការធ្វើធុរកិច្ចជាច្រើនត្រូវបានផ្សព្វផ្សាយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញថ្លែងសុន្ទរកថា បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលទៅលើវិស័យឯកជន ដោយចាត់ទុកវិស័យឯកជនជាដៃគូដ៏សំខាន់ក្នុងការកសាងសេដ្ឋកិច្ចជាតិ។ សម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញពីការធ្វើច្បាប់វិនិយោគថ្មី ដែលមានភាពបត់បែន និងផ្តល់អំណោយផលខ្ពស់សម្រាប់អ្នកវិនិយោគ។

សម្តេចតេជោ បានបន្ថែមថា កម្ពុជាបានកែប្រែប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន មានភាពប្រទាក់ក្រឡាគ្នាអំណោយដល់ការដឹកជញ្ជូន។ អ្វីកាន់តែកាន់តែពិសេសនោះ កម្ពុជា មានសុខសន្តិភាព មានស្ថេរភាព ដែលជាកត្តាអាទិភាពបំផុតសម្រាប់អ្នកវិនិយោគ។

សម្តេចនាយករដ្ឋមន្ត្រី បានគូសបង្ហាញពីភាពជោគជ័យរបស់កម្ពុជាលើការគ្រប់គ្រងជំងឺកូវីដ១៩ ដោយមិនមានអ្នកឆ្លងថ្មីអស់រយៈពេលជាច្រើនថ្ងៃមកហើយ។

តាមរយៈព្រឹត្តិការណ៍ខាងលើនេះ គេរំពឹងថា កម្ពុជានឹងទាក់ទាញអ្នកវិនិយោគពីអឺរ៉ុប បានកាន់តែច្រើនថែមទៀត ខណៈការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសនៅអឺរ៉ុប កំពុងមានសន្ទុះឡើងគួរឱ្យកត់សម្គាល់។

ក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនាពេលកន្លងទៅ សម្តេចតេជោ បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា និងអឺរ៉ុប សម្រេចបានរហូតដល់ទៅជាង ៤ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២១។ ក្នុងនោះកម្ពុជា នាំទៅអឺរ៉ុប បានជាង៣ពាន់លានដុល្លារ៕